ប្រជាសហគមន៍ការពារព្រៃឡង់ជាង៣០០នាក់រួមគ្នា៤ខេត្តប្រារព្វពិធីបំបួសដើមឈើជម្រកសត្វព្រៃព្រៃឡង់

0

កំពង់ធំ៖ ឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព អមដំណើរដោយ លោក ម៉ឺន មករា អគ្គនាយករង លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្នុងពិធីបំបួសដើមឈើជាប្រវត្តិសាស្រ្ត និងជាលើកទី១ ដែលមានប្រជាសហគមន៍ ការពារព្រៃឡង់មកពី៤ខេត្តសរុបជាង៣០០នាក់ និងអង្គការដៃគូររដ្ឋាភិបាល រួមទាំងប្រតិភូជាតិ និងអន្តរជាតិ ចូលរួមក្នុងពីធី បំបួសដើមឈើក្បែរចំនុចប្រសព្វខេត្តទាំង៤ ស្ថិតនៅក្នុងព្រៃឡង់ តំបន់វាលតាសិល្ប៍ ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម ខៀវ បូរិន បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើចំពោះ ប្រជាសហគមន៍ការពារព្រៃឡង់ និងបណ្តាញការពារព្រៃឡង់ទាំង៤ខេត្ត ក្នុងនោះមានខេត្តកំពង់ធំ ខេត្តក្រចេះ  ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ  រួមទាំងមន្រ្តីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់ព្រៃឈើ ធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់ មាននៅទ្រង់ទ្រាយធំល្អ ក្នុងនោះក៏សូមគាំទ្រនូវការខិតខំប្រឹងប្រែងរបស់បងប្អូន ដែលជាផលប្រយោជន៍សំខាន់របស់មនុស្សទូទាំងប្រទេស ជាពិសេសបងប្អូន ប្រជាសហគមន៍ បានទទួលផល អនុផលពីព្រៃឈើ រាប់សិបតំណរតាំងពីដូនតា។

អ្នកស្រី ភោគ ហុង គណកម្មការព្រៃឡង់ ខេត្តព្រះវិហារ បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការ បំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគតិច និងការរំលឹកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃ ឈើ ការពារធនធានធម្មជាតិនៅក្នុងព្រៃឡង់។ លោក វង់ សាន ប្រធានសហគមន៍ក្បាលខ្លា បានបញ្ជាក់ថា ព្រៃឡង់មានសារៈសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ វាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល  ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមានជនខិលខូច លួចអាដើមឈើខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ ត្រឡប់មកវិញមកផ្ទះវិញ ក្នុងនោះសហគមន៍ បានគៀងគរប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់យើងទាំអស់គ្នា ។ឯកឧត្តម ខៀវ បូរិន បានផ្តាំផ្ញើរដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរ ដងជ័រទឹកលក់ នូវចំនុចដែលជាបញ្ហាប្រឈមនិង ធ្វើឲ្យមានការព្រួយបារណ៍នោះគឺ ការចោះរណ្តៅជ័រ នៅលើដើមច្បោះច្រើនកន្លែងនូវដើម​តែមួយ គឺអាចបណ្តាលឲ្យដើមច្បោះងាប់បាន ដូច្នេះយើងទាំងអស់គ្នាគួរគិតពិចារណាដោយសារដើមឈើវា រស់ដោយសារតែសំបក និងសូមឲ្យមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំង៤ខេត្ត ចូលរួមល្បាត ដោយសហការជាមួយនឹងបណ្តាញព្រៃឡង់ និងមន្រ្តីឧទ្យានុរក្ស ដើម្បីបន្ថែមនូវកិច្ចការពារព្រៃឡង់ឲ្យបាន គង់វង្សបន្តទៀត ។    ដោយ ប៊ុន  រដ្ឋា