ឯកឧត្តមសោម ចិន អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន០៥គ្រួសារ នៅក្នុងក្រុងកំពត

0

ខេត្តកំពត៖ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពតនិងជាប្រធានក្រុមការងារចុះជួយខេត្តកំពត អមដំណើរដោយមន្ត្រីមូលដ្ឋាននៅរសៀលថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០១៩ បានអញ្ជើញចុះសួសុខទុក្ខ រំលែកទុក្ខនិងជាមួយបងប្អូនគ្រួសារនៃសពដែលបានទទួលមរណៈភាពចំនួន០៥គ្រួសារ នៅក្នុងសង្កាត់ចំនួនពីរនៅក្នុងក្រុងកំពត ខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម សោម ចិន បានសំដែងការចូលរួមរំលែកទុក្ខជាមួយគ្រសារនៃសពនិងបានចាត់ទុកពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទៅគឺជាសុខទុក្ខលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដោយមិនដែលភ្លេចឡើយ។

ឯកឧត្តម សោម ចិន ក៏បានផ្ដាំផ្ញើដល់គ្រួសារនៃសពរួមនឹងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ការសំណេះសំណាលនាឱកាសនោះអោយបន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការប្រកបមុខរបរអាជីវកម្មរបស់ខ្លួនរៀងៗខ្លួន ពិសេសបញ្ហាអនាម័យដើម្បីសុខភាពគ្រួសារផងដែរ។

ជាមួយឱកាសនោះឯកឧត្តម សោម ចិន ក៏បាននាំមកនូវបច្ច័យមួយចំនួនដើម្បីចូលរួមកុសលបុណ្យចំពោះគ្រួសារសពទាំង០៥គ្រួសារក្នុងនោះជូនគ្រួសារលោកងួន សុទ្ធី ចំនួន២០ម៉ឺនរៀលនិងសម្រាប់គ្រួសារសពនៅសង្កាត់ក្រាំងអំពិលចំនួន០៤គ្រួសារទៀតក្នុងមួយគ្រួសារចំនួន១៥ម៉ឺនរៀលនិងសារុង០១។ ដោយឡែកក្នុងនោះដែរឯកឧត្តមសោម ចិន ក៏បានជូននូវអំណោយទានដល់លោកយាយ លោកតាចាស់ៗដែលបានចូលរួមនាឱកាសនោះចំនួន៤០នាក់ក្នុងម្នាក់ៗសារុង០១ និងប្រាក់១ម៉ឺនរៀលនិងក៏បានជូនប្រាក់បន្ថែមមួយចំនួនទៀតដល់អ្នកពិការមានចំនួនពីរនាក់និងលោកយាយម្នាក់ដែលកូនទើបតែស្លាប់ថ្មីៗព្រមទាំងលោកគ្រូអ្នកគ្រូមួយចំនួនទៀតក្នុងឱកាសនោះផងដែរសរុបថវិកាមានចំនួន១លាន៦សែនរៀល។