ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអោយមានការទប់ស្កាត់ កាឆក់ត្រីឬដាក់មង ក្នុងតំបន់អភិរក្សអន្លង់ផ្សោត  ពីព្រោះសត្វផ្សោតគឺទាក់ទាញភ្ញៀវទេសចរជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត   

0

ក្រចេះ ៖  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសុំអោយអាជ្ញាធរខេត្តក្រចេះរួមនិងមន្ត្រីជំនាញពាក់ពន្ឋ័ធ្វើយ៉ាងណាត្រូវទប់ស្កាត់ការពារអោយបាននៅតំបន់អភិរក្សអន្លង់ផ្សោត  ពីព្រោះសត្វផ្សោតអាចទាក់ទាញ​ ភ្ញៀវទេសចរបានច្រើនឈរនៅលំដាប់លេខរៀងទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត​  ។

ការស្នើសុំបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះថ្មី នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩  ដោយលោក ជួប រតនា ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំនួសលោក រុន ភារ៉ា ដែលត្រូវទទួលភារកិច្ចថ្មីនៅឯក្រសួង ។ ។

ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឲ្យប្រធានមន្ទីរទេសចរណ៍ដែលទើបនឹងតែងតាំងចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងធ្វើការងារជាក់ស្ដែងសហការជាមួយនឹងអាជ្ញាធរមន្រ្តីជំនាញពាក់ព័ន្ធពិសេសគឺស្តាប់តាមការណែនាំរបស់ឯកឧត្តម អភិបាលក៍ដូចជា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ធ្វើឲ្យបាននូវការអភិវឌ្ឍលើវិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ ពិសេសគឺផែនការអភិវឌ្ឍវិស័យទេសចរណ៍ ។

ឯកឧត្តម មានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ គឺបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៨  ហើយកន្លងទៅរាជរដ្ឋាភិបាលបានចាត់ទុកខេត្តក្រចេះគឺជាតំបន់ទេសចរណ៍ពិសេស ដោយសារខេត្តមួយនេះមានសត្វផ្សោតទន្លេមេគង្គ ដ៍មានការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកំសាន្ត ច្រើន ។     ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីក៏បានស្នើសុំឲ្យអាជ្ញាធរខេត្តនិងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធធ្វើយ៉ាងណា ទប់ស្កាត់និងការពារសត្វផ្សោត  ដោយប្រើពាក្យស្លោក (គ្មានផ្សោតគឺគ្មានទេសចរណ៍ ) កន្លងទៅអ្វីដែលជាការព្រួយបារម្ភ នោះគឺខ្លាចប៉ះពាល់ពីបញ្ហាគ្រោះធម្មជាតិ  ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនមានទៀតទេពីបញ្ហានេះ  តែសំខាន់បំផុតគឺការពារឲ្យបានពីផលប៉ះពាល់ដោយមនុស្ស ។

ពីព្រោះកន្លងទៅគឺមានបញ្ហាប្រឈមខ្លះៗ អំពីការដាក់មងនិងការឆក់ត្រីជាដើម នៅតំបន់អភិរក្សសត្វផ្សោត  ដែលជាបញ្ហារធ្វើឲ្យមានការងាប់សត្វផ្សោតជាបន្តបន្ទាប់នាពេលកន្លងទៅ ។ ដូច្នេះត្រូវការពារអោយបាននូវតំបន់រស់នៅរបស់សត្វផ្សោត ដែលជាវិស័យទេសចរណ៍មួយដែលអាចលើកមុខមាត់របស់ខេត្តក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ។

ឯកឧត្តម បញ្ជាក់ថា រមនីយដ្ឋានទេសចរសត្វផ្សោតគឺជាតំបន់ទេសចរណ៍ដែលទាក់ទាញជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត ដូច្នេះអ្វីដែលសំខាន់គឺត្រូវតែអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង ពីបញ្ហានេះពីព្រោះពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះអាចរកប្រាក់ចំណូលបានច្រើនជាងពីការដែលពួកគាត់ទៅធ្វើការនេសាទត្រីនៅក្នុងតំបន់អភិរក្សមួយនេះ ។អញ្ចឹងបើយើងថែសត្វផ្សោតនៅក្នុងតំបន់ទេសចរណ៍នេះឲ្យបានប្រជាពលរដ្ឋនៅក្នុងសហគមន៍នានាតំបន់នោះក៏អាចនឹងទទួលបានចំណូលជាប្រចាំពីមុខរបរលក់ដូរនិងបើកបរដឹកជញ្ជូននាំភ្ញៀវទេសចរជាដើម។