កំពង់ធំ៖ ខ្នងផ្ទះលើកទី១១៣ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូន ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ ដោយប្រធានសមាគមអតីតយុទ្ធជនកម្ពុជាកំពង់ធំ នៅល្ងាចថ្ងៃអង្គារ៍ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរើសយកថ្ងៃបុណ្យមាឃបូជា ដែលជាថ្ងៃសេរីមង្គល់និងប្រសិទ្ធិពរជ័យ ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ ក្នុងសម័យសង្រ្គាមដើម្បីទទួលផ្ទះថ្មី ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះ ស៊ន វិន ដែលមានផ្ទះរស់នៅមិនសមរម្យ រស់នៅ ភូមិប្រនាគឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ពិធីប្រគល់ផ្ទះនេះ មានការអញ្ជើញចូលរួម គណៈកម្មាធិការសមាគមអតីតយុទ្ធជន ជាមួយអាជ្ញាធរដែនដី ផ្តល់ជូន លោកពលបាលទោ ស៊ន វិន មានភរិយាឈ្មោះ ហ៊ាម រៀម អាយុ ៤៨ មានកូនចំនួន ០៤ នាក់ នៅក្នុងបន្ទុក ផ្ទះថ្មីដែលបានប្រគល់ជូនមានទំហំ ៤មx៦ម សាងសង់ពីឈើ ខ្ពស់ផុតពីដី ជញ្ជាំងនិងរនាបក្តារ ដំបូលប្រក់ស័ង្កសី ចំណាយថវិកាចំនួន ៦,៩៨៥,០០០ រៀល ។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់បងប្អូនអតីតយុទ្ធជនយើងគ្រប់ៗគ្នានៅទូទាំងប្រទេស ដែលកន្លងមកបាន បូជាសាច់ស្រស់ ឈាមស្រស់ រហូតដល់ពិការ ដើម្បីឲ្យមានសុខសន្តិភាព ពេញលេញនិងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះ ។ឯកឧត្តម សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពាំនាពាំនាំនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនគាត់បន្ថែមទៀតរួមមាន÷ អង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ០២ យួរ , មុងជ្រលក់ថ្នាំចំនួន ០២ និងថវិកាចំនួន ៥០០,០០០ រៀលផងដែរ ។អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ស៊ន វិន មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងរហូតដល់ទប់ទឹកភ្នែកមិនបាន និងសូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះនូវពុទ្ធិពរទាំងឡាយ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា