ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​កំពង់ចាម​

0

កំពង់ចាម:​ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បានអញ្ជេីញចូលរួមក្នុងកម្មវិធី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅសាលប្រជុំ​សាលាខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ថ្នាក់​ដឹក​នាំ​ និង​សមាជិក​ សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ប្រមាណ​ជាង​៦០០នាក់​​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះការអនុវត្តការងាររបស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រប់​លំដាប់​ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។​ ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ​មានការប្តេជ្ញាចិត្តខ្ពស់​ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា​ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍនានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គម ក្នុងនោះយុវជនដែលជាធនធានមនុស្សប្រកប​ដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
ឯកឧត្តម​អភិបាលខេត្ត​ បាន​បន្ត​ថា​ យុវជនយើងក្នុងសម័យនេះមានភ័ព្វវាសនាល្អ ព្រោះកម្ពុជាមានអ្នកដឹកនាំដ៏ឈ្លៀសវៃ ប៉ិនប្រសព្វ គឺ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា​គេចផុតចេញពី​សង្រ្គាម ជម្លោះផ្ទៃក្នុង និងការគៀបសង្កត់ ការធ្វើទុក្ខបុកម្នេញពីជនអគតិទាំងក្នុង និងក្រៅប្រទេស។ ខណៈដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យ៉ាងពេញលេញ​។

មានប្រជាជនមួយចំនួននៅមួយចំហៀងទៀតនៃពិភពលោកនេះ ដូចជាប្រទេសស៊ីរី លីប៊ី អ៊ីរ៉ាក់ និងថ្មីៗនេះគឺប្រទេសវេណេហ្ស៊ុយអេឡា កំពុងរងគ្រោះដោយនយោបាយជ្រៀតជ្រែផ្ទៃក្នុងរបស់បរទេស ប្រជាជនរស់នៅក្នុងក្តីវេទនា ការរងគ្រោះដោយសារភេរវកម្ម ជម្លោះនយោបាយ សេដ្ឋកិច្ច និងភាពភ័យខ្លាចដោយសារសង្រ្គាម ការញុះញង់បំបែក​បំបាក់ជាតិ។

ឯកឧត្តម​អភិបាលខេត្ត​ បាន​បន្ត​ទៀត​ថា​ ក្នុងរយៈពេល២០ឆ្នាំ​ ជាប់គ្នាចុងក្រោយនេះ កម្ពុជាកំពុងរីករាយជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងអត្រា​ ៧% ក្នុង ១ ឆ្នាំ ដែលនេះមានន័យថា ប្រជាពលរដ្ឋកម្ពុជា មានជីវភាពល្អប្រសើរជាងមុន សមដូចនឹងសេចក្តីប្រកាស​ របស់ធនាគារពិភពលោក​ កាលពីឆ្នាំ២០១៦ ថាកម្ពុជាបានចាកចេញផុតពីប្រទេសក្រីក្រហើយ ហើយបានឈានឡើងដល់កម្រិតសេដ្ឋកិច្ចថ្មីមួយ នោះគឺជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាប។ ដោយឈរលើមូលដ្ឋាននេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសនូវមហិច្ឆតា​ ប្រកបដោយ​ចក្ខុ​វិស័យវែងឆ្ងាយថា ប្រទេសកម្ពុជា នឹងត្រូវក្លាយជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផង​ដែរ​។​

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មាន​ប្រសាសន៍​​ថា​ សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងប្រទេស សម្រេចបាននូវសមិទ្ធផល ទាំង រូបវ័ន្ត និងអរូបវ័ន្ត ជាច្រើន​តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនានា រួមមាន កម្មវិធីអង្គរសង្រ្កាន្គ ការបំបែកឯកត្តកម្មកម្ពុជាក្នុងកំណត់ត្រាពិភពលោកខាងនំអន្សម យក្សធំជាងគេ ការរាំចង្វាក់ម៉ាឌីហ្ស៉ុនមានអ្នករាំច្រើនជាងគេ ចំនួន២០១៥នាក់ ក្រម៉ាខ្មែរវែងជាងគេ ទូក ង ប្រណាំងវែងជាងគេ និងព្រឹត្តិការណ៍ដ៏អស្ចារ្យផ្សេងទៀត ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត និងលើកស្ទួយ នូវគុណតម្លៃដ៏វិសេសវិសាលលើផ្នែកវប្បធម៌ សង្គមកិច្ច និងសេដ្ឋកិច្ច នាំឲ្យកិត្យានុភាព និងមោទនភាពជាតិរីកសាយភាយស្គុះស្គាយ​ទាំងនៅក្នុងប្រទេស និង នៅលើឆាក អន្តរជាតិ។
ជាមួយគ្នានោះ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បាន​លើក​ឡើង​ផង​ដែរ​ថា​ យើងត្រូវប្រឹងប្រែងដោយខ្លួនឯង ដេីម្បីបន្តឆ្ពោះទៅមុខបន្ថែមទៀត។ បើមិនប្រឹងរស់ដោយខ្លួនឯង មានភាពម្ចាស់ការ និងសិទ្ធសម្រេចលើខ្លួនឯងទេ យើងនឹងក្លាយទៅជាមនុស្សដែលចាំទទួលការបញ្ជាពីគេរហូត។ គ្មាននរណាស្រឡាញ់យើង ជាងយើងខ្លួនឯងនោះទេ​ ៕