សៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពីគម្រោងផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្នាំ ២០២០ ,២០២២ និងនិតិវិធីរៀបចំឯកសារចំណាយថវិកា២០១៩ អមដោយលោកជំទាវ ងិន លីណា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយករង និងលោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅសណ្ឋាគារអប្សរាអង្គរ លើទឹកដីខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ដល់២១ ខែកុម្ភះ ឆ្នាំ ២០១៩ ។
លោកជំទាវ ងិន លីណា បានឱ្យដឹងថាវេទិការពិភាក្សា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីបង្ហាញពីរបាយការណ៍សង្ខេបពីសមិទ្ធផល២០១៨ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយរួមទាំងបញ្ហាប្រឈម ដើម្បីប្រសិទ្ធភាពការងារអប់រំ ព័ត៌មានភូមិសាស្រ្តបរិស្ថាន ជំរុញមេត្រីភាពបរិស្ថាន និងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានទូលំទូលាយ រួមទាំងការអនុវត្តនីតិវិធីប្រើប្រាស់ថវិកាឱ្យមានស្តង់សុគតភាព ក្នុងសកម្មភាពនៃការអនុវត្តផែនការឆ្នាំ២០១៩ និងការអនុវត្តសកម្មភាពអប់រំ និងផ្សព្វផ្សាយបរិស្ថាន ឆ្នាំ ២០២០-២០២២។ លោកជំទាវបានឱ្យដឹងដែរថា យុទ្ធសាស្រ្តសម្រាប់ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន បានផ្តោតលើសសរស្តម្ភចំនួន៥រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន ការពង្រឹងកម្មវិធីអប់រំបរិស្ថាន ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការគ្រប់គ្រង ស្រាវជ្រាវបច្ចេកវិទ្យាបរិស្ថានផងដែរ។ លោកជំទាវបានបញ្ជាក់បន្ថែមថា ដើម្បី សម្រេចបាននូវសកម្មភាពខាងលើ អគ្គនាយកដ្ឋានបានខិតខំអនុវត្តសម្មភាព លើកកម្ពស់ការយល់ដឹងលើវិ័យបរិស្ថានដល់មហាជន ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាបែបចែករំលែកបទពិសោធនិងពិភាក្សានៅពេលនេះគឺជាការចូលរួមស្វែងរកនូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលនាយកដ្ឋាននីមួយៗ ក្រោមចំណុះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានអនុវត្តនាពេលកន្លងមក ក៏ដូចជាការស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីជាធាតុចូល និងជាទុនសម្រាប់កែលម្អ និងបំពេញបន្ថែមកង្វះចន្លោះក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងថវិកាសម្រាប់អគ្គនាយកដ្ឋានទាំងមូល ឱ្យកាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវនិងអនុវត្តប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រសួងបរិស្ថានបានកំណត់ចក្ខុវិស័យរបស់ខ្លួនថា នៅឆ្នាំ២០២៣ គុណភាពនិងនិរន្តរភាពបរិស្ថាន ត្រូវបានធានា ហើយកេរតំណែលធនធានធម្មជាតិកម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប និងច្រើនជំនាន់តទៅមុខទៀត ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានកំណត់បេសកកម្មសំខាន់ៗគឺដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យុទ្ធសាស្ត្រអនុវត្តការងារសម្រេចបានជោគជ័យចំពោះចក្ខុវិស័យផ្នែកចំណេះដឹងនិងព័ត៌មានបរិស្ថាន ទី១ កំណត់គោលដៅពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ជូនដល់សាធារណជន ឲ្យចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃធនធានធម្មជាតិផ្សេងៗជាពិសេសការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ទី២ លើកកម្ពស់ការអប់រំបរិស្ថាន និងជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន ដោយបង្កើនការយល់ដឹងខ្ពស់ និងផ្តល់តម្លៃដល់គុណភាពបរិស្ថាន ធម្មជាតិដើម្បីលើកកម្ពស់សុខភាពមនុស្ស ចីរភាពសេដ្ឋកិច្ច និងសង្គម និងពង្រឹងជំនាញវិជ្ជាជីវៈ។ ទី៣ ប្រព័ន្ធប្រមូលផ្តុំទិន្នន័យបរិស្ថាន និងធនធានធម្មជាតិដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការគ្រប់គ្រងធនធានធម្មជាតិ ការងារលើវិស័យបរិស្ថានដើម្បីការដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រនានាឆ្លើយតបនឹងចក្ខុវិស័យក៏ដូចជាបេសកកម្មដែលក្រសួងបរិស្ថានបានកំណត់។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម បានលើកទឹកចិត្តដឹកនាំអគ្គនាយកដ្ឋាន មន្រ្តីជំនាញ យកចិត្តទុកដាក់ខ្ពស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត និងក្នុងកិច្ចពិភាក្សាថ្ងៃនេះ អ្នកចូលរួម ត្រូវចែករំលែករាល់មេរៀន បទពិសោធន៍ គន្លឹះបច្ចេកទេសនានា ទៅដល់មន្រ្តីដទៃទៀត ដើម្បីជាទុនសម្រាប់ការអនុវត្តការងារជាក់ស្តែងឱ្យមានប្រសិទ្ធភាព ដើម្បីយើងអាចសម្រេចគោលដៅរួមខាងលើបានល្អប្រសើរ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ផងដែរថា គុណតម្លៃមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវមានគឺត្រូវមាន៥ចំនុច ទី១ សុចរឹតភាព សំដៅលើការអនុវត្តការងារប្រកប ដោយការបើកចំហ ភាពស្មោះត្រង់ និងការគោរពចំពោះបុគ្គលគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ។ ទី២)ឧត្តមភាព សំដៅលើការប្រើប្រាស់ចំណេះដឹង ការយល់ដឹង និងគំនិតច្នៃប្រឌិតឱ្យអស់ពីលទ្ធភាព ទី៣ ការលើកទឹកចិត្តអ្នកពាក់ព័ន្ធនិងឆ្លើយតបទៅនឹងគំនិត និងទស្សនៈផ្សេងៗគ្នាដោយត្រូវបង្កើន ទំនាក់ទំនងកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនាបែបស្ថាបនា។ ទី៤ គណនេយ្យភាព សំដោះលើការទទួលខុសត្រូវចំពោះការគ្រប់គ្រងធនធានយ៉ាងមានប្រសិទ្ធភាពប្រកបដោយភាពប្រុងប្រយ័ត្ន និងភាពឈ្លាសវៃ និងមានគណនេយ្យភាពចំពោះគ្រប់សកម្មភាពទាំងអស់។ ទី៥ តម្លាភាពដោយមានការបើកចំហដំណើរការការងារទំនាក់ទំនង និងការធ្វើសេចក្តីសម្រេចចិត្តដើម្បីបង្ហាញនូវគោលបំណងនិងវិធីសាស្ត្រដល់អ្នកពាក់ព័ន្ធនានា។
ដោយ ប៊ុន រដ្ឋា




































