ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សុខា នាយករងមជ្ឈមណ្ឌលស្រាវជ្រាវឯកសារ និងជាជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងទៅកាន់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ ក្នុងពិធីកាត់
ខ្សែរបូរណ៏សម្ភោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធិផលមួយចំនួន នៅវត្តព្រហ្មវិហារធម៏តេជោជប់រង្សីសរារាម(ហៅវត្តអង្គការអេដស៏) ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន សុខា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ ឲ្យបានគង់វង្ស ដើម្បីយើងមានឱកាសបានជួបជុំគ្នា កសាងប្រទេសជាតិមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តម ហ៊ុន សុខា បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើងមិនមានសុខសន្តិភាពទេនោះ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពនេះឲ្យគង់វង្ស ដោយមិនត្រូវជឿតាមការញុះញង់ របស់ក្រុមអគតិមួយចំនួន ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន សុខា មានប្រសាសន៍បន្តទៀតថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសុខសន្តិភាពកើតមានពេញផ្ទៃប្រទេស ធ្វើឲ្យប្រជាពលរដ្ឋ បានទទួលផលប្រយោជន៍យ៉ាងច្រើនពីសុខសន្តិភាពរួមមាន៖ វត្តអរ៉ាម ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព មន្ទីពេទ្យ នឹងសិទ្ធិសេរីភាពក្នុងការរស់នៅជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ជួយថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្យយូរអង្វែងតទៅទៀត ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះ”។
មានសង្ឃដីកាថ្លែងទៅកាន់គណៈអធិបតី ព្រះគ្រូ រស់ សុខរាជ ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ព្រហ្មវិហារធម៏តេជោជប់រង្សីសរារាម ចំពោះសមិទ្ធិផលដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះរួមមាន÷ កុដិចំនួនខ្នង ដោយ១ខ្នងចំណាយអស់បច័យ៥លានរៀល បន្ទប់ទឹក២ស្មើ៦បន្ទប់ ចំណាយអស់បច័យ១២លានរៀល អាងទឹកចំនួន២ ដោយក្នុង១អាង១៨០០០០០៛(មួយលានប៉ែតសិបម៉ឺនរៀល)ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន សុខា និងលោកជំទាវ។
ជាមួយគ្នានោះព្រះគ្រូចៅអធិការ រស់ សុខរាជ បានសូមអំពាវនាវទៅដល់សម្ដេច ទ្រង់ឯកឧត្តម លោកជំទាវអស់លោក លោកស្រី អាជីវករទាំងក្នុង និងក្រៅប្រទេស ចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីកសាងទីអារាមនេះ ឲ្យកាន់តែមានភាពរីកចម្រើនឡើងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នទីអារាមនេះ នៅមានការខ្វះខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕សួនលីណា





































