កំពង់ធំ៖ ដើម្បីឲ្យនាយទាហាន នាយទាហានរងនិងពលទាហានចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទទួលបានចំណេះដឹង អំពីប្រវត្តិនៃការបង្កើតនយោបាយឈ្នះឈ្នះ ដែលជានយោបាយមួយដ៏ត្រចះត្រចង់ ក្នុងការបង្រួបបង្រួមជាតិដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយកិត្តិបណ្ឌិតបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយបង្រួបបង្រួមឯកភាពជាតិឯកភាពទឹកដីនិងជាតិសាសន៍ខ្មែរឲ្យខ្លាចទៅជាខ្មែរតែមួយនិងជាសក្ខីភាពដ៏ពិតប្រាកដទើបប្រទេសកម្ពុជាសម្រេចសាងសង់វិមានឈ្នះឈ្នះឡើង ដើម្បីយុវជនយុវតីជំនាន់ក្រោយបានជ្រួតជ្រាបកាន់តែច្បាស់ និងយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានៃយើង ។
ជាក់ស្តែងនៅព្រឹកថ្ងៃពុធ១រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានរៀបចំពីធីផ្សព្វផ្សាយប្រវត្តិសាស្ត្រយោធានិងមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឯកឧត្តមឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការ និងជាក្រុមការងារប្រវត្តិសាស្ត្រយោធានិងមគ្គុទ្ទេសក៍វិមានឈ្នះ ឈ្នះ យោធភូមិភាគទី៤ដែលមានសមាសភាពថ្នាក់ដឹកនាំ នាយទាហាននាយទាហានរងនិងពលទាហាន ចំណុះនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមចំនួន១៤៧នាក់ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានថ្លែងសុន្ទរកថាស្វាគមន៍ស្តីពីការផ្សព្វផ្សាយប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ ជូនដល់អង្គពិធីនិងបានប្រកាសបើកពីធីផ្សព្វផ្សាយជាផ្លូវការផងដែរ ។ ឯកឧត្តមបានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជំនាញនាយទាហាននាយទាហានរងនិងពលទាហានចំណុះនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម ស្តីពីប្រវត្តិសាស្ត្រយោធានិងមគ្គុទ្ទេសក៍ វិមានឈ្នះឈ្នះ ដើម្បីជាចំណេះដឹងក្នុងការយកទៅផ្សព្វផ្សាយបន្តដល់យោធិនក្រោមឱវាទក្រុមគ្រួសារសាច់ញាតិបងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិនៃការបង្រួបបង្រួមប្រទេសជាតិកម្ពុជាដែលមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។
បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងសុន្ទរកថានិងផ្ញាំផ្ញើរួចមកឯកឧត្តមឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការនិងជាក្រុមការងារប្រវត្តិសាស្ត្រយោធានិងមគ្គុទ្ទេសក៍ វិមានឈ្នះឈ្នះ យោធភូមិភាគទី៤បានឡើងឧទ្ទិសនាមនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃការបង្កើតយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបន្តផ្សព្វផ្សាយអំពីការបង្រួបបង្រួមនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាប្រកបដោយជោគជ័យពេញលេញ១០០% នៅឆ្នាំ១៩៩៨ផងដែរ ។
ចុងបញ្ចប់នាយទាហាននាយទាហានរងនិងពលទាហានបានយកចិត្តទុកដាក់ស្តាប់បានទទួលចំណេះដឹងនិងជ្រួតជ្រាបយ៉ាងច្បាស់អំពីប្រវត្តិសាស្ត្រយោធានិងមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្តេជ្ញាយកចំណេះដឹងទងអស់យកទៅផ្សព្វផ្សាយដល់យោធិនក្រោមឱវាទក្រុមគ្រួសារនិងបងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងនិងជ្រួតជ្រាបអំពីការបង្រួបបង្រួមជាតិដែលធ្វើប្រទេស មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើវិស័យដូចសព្វថ្ងៃនេះកាន់តែច្បាស់ផងដែរ ។





































