សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកដល់មន្ត្រីនិងកងកម្លាំងខេត្តស្ទឹងត្រែង ត្រូវបន្តរ ពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំ រួមគ្នាថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះឲ្យបានគង់វង្ស

0

ខេត្តស្ទឹងត្រែង៖  ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅក្នុងថ្ងៃពុធទី២០កុម្ភះនេះ    សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ដោយក្រើនរំលឹកសម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកដល់មន្ត្រីរាជការរួមនិងកងកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ត្រូវពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំដោយរួមគ្នាថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះឲ្យបានគង់វង្ស ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខេត្តជាប់ព្រំដែនថៃ ឡាវ និងវៀតណាម អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការ ក្រុង ស្រុក និងកងកម្លាំងទាំង៣ របស់ខេត្តស្ទឹងត្រែង ផងនោះដែរ ។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តស្ទឹងត្រែង ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារ ក្នុងឆ្នាំ២០១៨កន្លងមក ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និ ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តរថា នៅក្នុងឆ្នាំ២០១៨ គឺជាឆ្នាំទី៥នៃការអភិវឌ្ឍន៍កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។ ហើយនៅក្នុងឆ្នាំ២០១៩នេះ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងមក រាជរដ្ឋភិបាលថ្មី ត្រូវបានបង្កើតឡើង និងបានសម្រេចដាក់ចេញ នូវទិសដៅយុទ្ធសាស្ត្រ បន្តតំណាក់កាលទី៤ ជារបៀបវីរៈសំខាន់សម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ រយៈពេល៥ឆ្នាំបន្តទៀត។ ហើយសម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំដំបូង នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលសភាពការទូទៅ នៅក្នុងប្រទេសនៅពេលនេះ មានលក្ខណៈអំណោយផលជាងពេលណាៗទាំងអស់ សម្រាប់ការអភិវឌ្ឍន៍ជាតិ។

ក្នុងនោះសម្តេចក្រឡាហោម បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធទាំង៣ គ្រប់ជាន់ថ្នាក់របស់ខេត្តស្ទឹងត្រែង ត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំ ហើយត្រូវខិតខំថែរក្សា សន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

សម្តេចក្រឡាហោម ក៏នៅបានជម្រុញដល់អាជ្ញាធរខេត្ត និងកងកម្លាំង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបន្តយកចិត្តទុកដាក់ លើកកម្ពស់លើកការងារការពារ សន្តិសុខ និងសុវត្តិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តក្នុងខេត្តឲ្យបានល្អ ហើយក៏ត្រូវបង្កើនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវចុះទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា នូវបទល្មើសនានា ដូចជា ការចរាចរគ្រឿងញៀន អំពើចោរកម្ម ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ និងក៏ត្រូវខិតខំបន្តដោះស្រាយជម្លោះដីធ្លីកសិកម្ម ដែលនៅសេសសល់ទាំងប៉ុន្មានឲ្យបានចប់សព្វគ្រប់ ប្រកបដោយតម្លាភាពនិង គណនេយ្យភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ផងខ្លួន ៕