ព្រះសង្ឃនិងថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទក្នុងខេត្តកំពតបានរួមគ្នា ប្រារព្ធពិធីបុណ្យមាឃបូជា

0

ខេត្តកំពត៖ ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ។ ពិធីបុណ្យនេះក្នុងគោលបំណងពីរគឺ៖ ទី១ ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង និងទី២ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។ ដោយឡែកនៅខេត្តកំពតនារសៀលថ្ងៃអង្គារ១៥​កើត​ ពេញ​បូណ៌មី ខែ​មាឃ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៩។

ឯកឧត្ដមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមអ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត រួមនិងព្រះសង្ឃនិងដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ព្រមទាំងពុទ្ធសាសនិកជន ក្នុងខេត្តបាននរួមគ្នាប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងដែលពិធីនេះបានប្រព្រឹត្តទៅនៅប្រាសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ១ឧសភាសង្កាត់កំពង់កណ្ដាលក្រុងកំពត ខេត្តកំពតដោយមានការនិមន្ត មន្ត្រីសង្ឃនិង ព្រះសង្ឃក្នុងខេត្ត ប្រមាណ៨០អង្គនៅក្នុងព្រឹត្តិការណ៍កម្មវិធីបុណ្យដ៏សំខាន់មួយនេះផងដែរ។មានប្រសាសន៍សំណេះសំណាលក្នុងពិធីបុណ្យនេះឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា៖រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី តែងតែបើកនូវសិទ្ធទូលំទូលាយផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ ដោយមិនមានការរើសអើងឬរិតត្បិតនូវជំនឿសាសនាអ្វីឡើយ។

ជាក់ស្ដែងបុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។ ដោយឡែកសម្រាប់ខេត្តកំពតរដ្ឋបាលខេត្តតែងតែបានដឹកនាំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីពុទ្ធសាសនិកជនគ្រប់មជ្ឈដ្ឋានចូលរួមពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងកម្មវិធីបុណ្យនេះជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តជួបតែសេចក្ដីសុខគ្រប់ប្រការ និងបានអំពាវនាវអោយមានការចូលរួមសាមគ្គីគ្នាជាធ្លង់មួយក្នុងកិច្ចអភិវឌ្ឍន៍ខេត្តអោយបានកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសុខសន្តិភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីតរៀងទៅ។

សូមបញ្ជាក់ថា៖កម្មវិធីបុណ្យត្រូវបានឆ្លងបញ្ចប់នៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩ក្រោមការចូលរួមរាប់បាតពីសំណាក់ឯកឧត្តមជាវ តាយអភិបាលខេត្ត និងឯកឧត្តមអ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ឋានានុក្រមនិងពុទ្ធបរិស័ទក្នុងខេត្ត ដោយមានការនិមន្តព្រះសង្ឃដាក់បាតចំនួន៦៨៧អង្គមកពី៤៧វត្តក្នុងខេត្តជាកិច្ចបង្ហើយបុណ្យផងដែរ។