កំពង់ចាម: ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងគរុសិស្សមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម ប្រមាណជាង៧០០នាក់ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានរំលឹកថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វេីពិធីជូនរង្វាន់លេីកទឹកចិត្ត សម្រាប់ការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អជូនប្រជាពលរដ្ឋ ឆ្លងតាមរយៈការផ្តល់សេវាសាធារណៈដោយមានការប្រឡងប្រណាំង បានជម្រុញដល់មន្ត្រីពាក់ពន្ធ័ ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ មិនរើសពេលវេលា និងទីកន្លែង ពោលគឺត្រូវបម្រើប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្ដង។ ដោយការអនុវត្តគោលនយោបាយបម្រើសេវាល្អនោះ គឺតម្រូវឲ្យមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍
នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដល់ទីកន្លែងស្របតាមលិខិតបទដ្ឋានគតិយុត្ត និងខ្លឹមសារណែនាំនានា។ ហើយឃុំ សង្កាត់ដែលបម្រើសេវាល្អត្រូវបានដាក់ពិន្ទុតាមរយៈចំនួនចុចLIKE នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះសូមឲ្យលោកគ្រូ អ្នកគ្រូ និងប្អូនៗ ក្មេងៗ ទាំងអស់ ចូលរួមផ្ដល់យោបល់ តាមរយៈPage ហ្វេសប៊ុក របស់រដ្ឋបាលខេត្តកំពង់ចាម និងហ្វេសប៊ុករបស់អង្គភាពច្រកចេញចូលតែមួយ ដើម្បីស្វាយទិតៀនកែតម្រូវឲ្យមន្ត្រីយេីង បម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការពន្យល់បន្ថែមទៀត លេីការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប គឺមិនប៉ះពាល់ដល់ប្រាក់ខែឬប្រាក់បៀវត្សន៍ របស់មន្ត្រីរាជការ បុគ្គលិក កម្មករកម្មការិនី យេីងឡេីយ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកែប្រែមុខមាត់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពរីកចម្រេីនលេីគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន នៅតាមមូលដ្ឋាន ក្រោមដំបូលសុខសន្តិភាព ដូច្នេះយើងត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្សផងដែរ ៕





































