សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនស្ត្រីដែលទើបនឹងសម្រាលកូនចំនួន៣៦នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត

0

ខេត្តក្រចេះ ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្ដល់ជូនមាតាទារកដែលទើបនឹងសម្រាលកូនតូច ចំនួន៣៦នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ នឹងដើម្បីគាំទ្រ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ។

តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចការណែនាំផ្ទាល់របស់ក្រុមគ្រូពេទ្យ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ កាន់តែបានយល់ដឹងច្បាស់ និងចូលមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សំខាន់បានចូលមកធ្វើការពិនិត្យផ្ទៃពោះ ពិគ្រោះជំងឺទទួលការចាក់វ៉ាក់សាំង និងសម្រាលកូននៅក្នុងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មានចំនួនកើនឡើង ហើយបច្ចុប្បន្នប្រជាពលរដ្ឋមានផ្ទៃពោះ មិនបានបង្កើតកូនដោយឆ្នបបុរាណតាមភូមិនោះទៀតឡើយ ដោយពួកគាត់បានយល់គ្រប់ៗគ្នា ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលធ្វើឱ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ ។ ម្យ៉ាងទៀតដោយប្រជាពលរដ្ឋយើង ពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែមានការយល់ដឹង និងធ្វើឱ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង។

ក្នុងនោះដែរឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើការណែនាំ និងផ្តាំផ្ញើផងដែរ នូវការណែនាំមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឱ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ មានជំនាញ និងបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូនទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង ១១ មុខ ទៅតាមការណែនាំ ការកំណត់របស់គ្រូពេទ្យ ។

នៅពេលដែលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារកនៃជំងឺរលាកផ្លូវដង្ហើម រាក និងជំងឺឆ្លង ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ ។ ម្យ៉ាងទៀតរដូវហួតហែងមកដល់ហើយ សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ នូវភ្លើងផ្សែង នៅតាមផ្ទះ ឬតាមទៅវាលស្រែ ដើម្បីចៀសវាងកុំឱ្យមានកើតនូវភាពអន្តរាយណាមួយចំពោះបងប្អូន ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតា ទើបនឹងសម្រាលកូន រួចម្នាក់ៗទទួលបាន ៖ មុង១, ភួយ១, សារុង១, ក្រម៉ា១, មី១កេស, ត្រីខ១យួរ, ទឹកដោះគោឆៅ១២កំប៉ុង, ស្ករស២គីឡូ, ទឹកត្រីទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន ៥ ម៉ឺនរៀល ផងដែរ ៕