មេឈ្មួញ កាប់ឈើធ្វើអាជីវ កម្មខុសច្បាប់ ជាង៣០ក្រុម កំពុងតែប្រព្រឹត្តបទល្មើស ដ៏កក្រើក ជុំវិញប៉ុស្តិ៍រដ្ឋបាល ឃុំស្រែគរ !!

0

ខេត្តស្ទឹងត្រែង÷គំនរឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ទៅ ៣២កន្លែង ដែលក្រុមឈ្មួញបានឃុបឃិតគ្នា ជាមួយនិង សមត្ថកិច្ចក្នុងមូលដ្ឋានឃុំស្រែគរ ក្នុងស្រុកសេសាន បានធ្វើសកម្មភាព កាប់ឈើល្មើស
ច្បាប់ យកមកគរទុកក្នុងរោងម៉ាស៊ីន សិប្បកម្មកែច្នៃ យ៉ាងអាណាធិបតេយ្យ ។

អស់រយៈពេលជាយូរខែណាស់មកហើយ គ្មានអាជ្ញាធរមានសមត្ថកិច្ច ចុះទៅបង្ក្រាបនោះទេ ទើបតែថ្មីៗនេះ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការ ជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត បានឆ្មក់ចូលទៅ បង្រ្កាបនិងរឹបអូស បានឈើចំនួន២ទីតាំង ដែលស្ថិត
នៅក្នុងឃុំស្រែគរថ្មី ស្រុកសេសាន ដោយមិនបានកសាងសំណុំរឿងទៅលើអ្នកពាក់ព័ន្ធនោះទេ ដោយមានការអនុវត្តច្បាប់ មិនគ្រប់លក្ខណៈយ៉ាងដូច្នេះ ទើបបង្ករឲ្យជនល្មើស ហ៊ានប្រព្រឹត្តល្មើសច្បាប់ ម្ដងហើយ ម្ដងទៀត ។

មិនយូរប៉ុន្មាន ក៏បានកើតសារជាថ្មី ច្រើនលើសដើមនៅកន្លែងដដែលហើយ បច្ចុប្បន្ននេះ បាននឹងកំពុងតែ បន្តសកម្មភាព ល្មើសច្បាប់ នៅកន្លែងដដែល ។ ហេតុនេះ ស្នើសុំអធិការកិច្ច ចុះធ្វើការត្រួតពិនិត្យ ទីតាំង កាប់ព្រៃឈើល្មើសច្បាប់ យកមកធ្វើសិប្បកម្មកែឆ្នៃនៅ ជុំវិញ ប៉ុស្តិ៍រដ្ឋបាលឃុំស្រែគរនេះផង ៕ ដោយ  ដេង ម៉ាវិន