កំពង់ធំ៖ ផ្នូរកម្មាភិបាលយុទ្ធជនពលី ដែលបានពលីជីវិតសម័យសង្រ្គាម ត្រូវបានរៀបចំ តុបតែងកែសម្អ សោភ័ពភាព នៅក្នុងវិមានរំលឹកគុណ យុទ្ធជនពលីខេត្តកំពង់ធំ ក្រោមការយកចិត្តទុកដាក់របស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីលើកកម្ពស់គុណបំណាច់យុទ្ធជន ពលីដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសម័យសង្រ្គាម ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីជាការដឹងគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារីដែលបានបូជាពលីជីវិតក្នុងបុព្វហេតុជាតិនិងប្រជាជន គឺបានខិតខំប្រឹងប្រែងរក គៀង គររក សប្បុរសជននានារួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានចូលរួមដើម្បីកែលម្អវិមានរំលឹកគុណ និងផ្នូរសពយុទ្ធជនពលី ដែលមានទីតាំងស្ថិតនៅភូមិក្រចាប់សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
ជាក់ស្តែងវិមានរំលឹកគុណយុទ្ធជនពលី ត្រូវបានកែលម្អជាលំដាប់ ដោយបានចាក់ បេតុងចំនួន ៣០ ម៉ែត្រគូបត្រូវបានដាក់ពង្រាយនៅមុខផ្នូរកម្មាភិបាលយុទ្ធជនពលីទំហំ ៣៧២ m2 បន្ថែមទៀត ដែលជាអំណោយរបស់ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ តាមសំណើរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២១ខែកុម្ភៈឆ្នាំ ២០១៩។
នៅក្នុង វិមានរំលឹកគុណយុទ្ធជនពលី ត្រូវបាន សាងសង់អគារថ្មី ផ្លូវបេតុង ធ្វើសួនច្បារ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្តយោធា សម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់ ក្នុងនោះដែរមានស្លាកឈ្មោះ កម្មាភិបាល យុទ្ធជនពលី ចំនួន ១៣៥ ផ្នូរ ត្រូវបានឧបត្ថម្ភថវិកាសម្រាប់ធ្វើស្លាកឈ្មោះបិទពីខាងមុខផ្នូរ ដោយ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដើម្បីងាយស្រួលដល់ក្រុមគ្រួសាររៀបចំពិធីគោរពបូជា ។
គួររំលឹកផងដែរថា ក្នុងសម័យសង្គ្រាមស៊ីវិលជាងពីរទស្សវត្តរ៍ កម្មាភិបាលយុទ្ធជន យុទ្ធនារី និងកងសេនាជនរាប់ពាន់នាក់ នៅខេត្តកំពង់ធំ បានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជន រួមចំណែកក្នុងការអនុវត្តន៍នូវគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនដូចសព្វថ្ងៃនេះ ។
ដោយ ប៊ុន រដ្ឋា 




































