សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលេីកទិសដៅឆ្នាំ២០១៩​ នៃការអនុវត្តការងារ​ របស់​ច្រកចេញចូលតែមួយ​

0

កំពង់ចាម​: ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ ក្នុង​អង្គ​សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលេីកទិសដៅសកម្មភាពឆ្នាំ២០១៩​ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ​ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០៩ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពី​ លោក​ លោកស្រី​ តំណាងក្រសួងពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ​បានលេីកឡេីងថា​ ខេត្តកំពង់ចាម បច្ចុប្បន្ន បាននិងកំពុងអនុវត្តការផ្តល់សេវាសាធារណៈតាមរយៈ​ច្រកចេញចូលតែមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃៈ
– ការិយាល័យច្រកចេញចូលតែមួយនៅក្រុងកំពង់ចាម បានចាប់ផ្ដើមដំណើរការ ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤​ ។ នៅក្នុងឆ្នាំ២០១៨ កន្លងមកក្រុងកំពង់ចាម បានទទួលសេវាសរុបចំនួន​ ១៨ ១៨៦ សេវា ទទួលបានប្រាក់ចំណូលចំនួន ១៦៧ ៥២៦ ០០០ រៀល ។
– នៅស្រុកជើងព្រៃ បានដាក់​ឲ្យ​ដំណើរការការិយាល័យច្រកចេញចូលតែមួយ ពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ។ ហើយនៅក្នុងឆ្នាំ២០១៨ កន្លងទៅស្រុកជើងព្រៃ បានទទួលសេវាចំនួន ៥ ៩៦៧ សេវា ទទួលបាន ប្រាក់ចំណូលចំនួន ៤៣ ៣២១ ០០០ រៀល ។
ស្របតាមគោលការណ៍ និង លិខិតណែនាំផ្សេងៗអំពីនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានដាក់​ឲ្យ​ដំណើរការជាបណ្ដោះអាសន្ននៅ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨​ ។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅអង្គភាព ច្រកចេញចូលតែមួយខេត្ត បានទទួលសេវាសរុបចំនួន ១០ ៩៤៦ សេវា ទទួលបានប្រាក់ចំណូលសរុប ៣២៦ ៧៥២ ៧២២ រៀល។
ក្នុង​នោះ​ រដ្ឋបាលខេត្ត បានប្តេជ្ញាដាក់ឲ្យ ដំណើរការច្រកចេញចូលតែមួយ នៅស្រុកចំនួន​ ៣​បន្ថែមទៀត នៅឆ្នាំ២០១៩នេះ និង ដាក់​ឲ្យ​ដំណើរការ ឲ្យ​បានគ្រប់ ក្រុង​ ស្រុកទាំង ១០ នៅឆ្នាំ២០២០។
ឯកឧត្ដម​អភិបាល​ខេត្ត​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ការទទួល សម្របសម្រួល និង ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ​ ដោយ​ការិយាល័យប្រជាពលរដ្ឋគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥរិយាបទ របស់មន្ត្រីផ្ដល់សេវា ភាពត្រឹមត្រូវនៃកម្រៃសេវា និងការទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨នេះ​ ការិយាល័យ ប្រជាពលរដ្ឋខេត្ត ក្រុងកំពង់ចាម និង ស្រុកជើងព្រៃ អនុវត្តបាន៖
– ការិយាល័យប្រជាពលរដ្ឋក្រុងកំពង់ចាម បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៥ បណ្ដឹង
– ការិយាល័យប្រជាពលរដ្ឋស្រុកជើងព្រៃ បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៦ បណ្ដឹង
– ដោយឡែកការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម មិនទាន់បានទទួល និង ដោះស្រាយបណ្ដឹងនៅឡើយទេ។

ឯកឧត្ដម​ ងី​ ចន្រ្ទផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានជម្រុញ​ដល់មន្ត្រីច្រកចេញចូលតែមួយ​ ត្រូវ​ផ្តល់សេវាសាធារណ:​ និងការដោះស្រាយរាល់បណ្តឹង​ របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ​ និងដើម្បីរួមចំណែក ​ក្នុង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធា​រណៈ ក្នុងការបង្ខិតសេវាឲ្យកៀកជិតនឹងប្រជាពលរដ្ឋ ជាក់ស្ដែង​ដូច​ជា​រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញ​ឲ្យ​អនុវត្តនូវចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អទូទាំងខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់សេវាសាធារណៈ​ ឲ្យ​មានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដល់ខ្នងផ្ទះដើម្បីឆ្លើយតបនឹងតម្រូវការរបស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ ៕