អាជ្ញាធរខេត្តក្រចេះ ស្នើអោយនគរបាលបង្កើតវិធានការនិងអប់រំណែនាំប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អោយយល់ដឹងកាបង្ការ និងពន្លត់អគ្គីភ័យនៅតាមមូលដ្ឋាន

0

ក្រចេះ៖  នៅព្រឹកថ្ងៃទី ២២ កុម្ភៈ ២០១៩ នគរបាលនៃស្នងការរដ្ឋាននគបាលខេត្តក្រចេះបានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ និងលោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងមានការចូលរូមពីមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៤០០នាក់ ។

យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានបញ្ជាក់ឲ្យដឹងថា ៖ គ្រោះថ្នាក់អគ្គីភ័យដែលបណ្តាលមកពីអគ្គីភ័យឆ្នាំ២០១៨ នៅខេត្តក្រចេះ បានកើតឡើងចំនួន១៦លើក បើប្រៀបធៀបទៅនិងឆ្នាំ២០១៧ បានបង្ហាញថាមានតួរលេខស្មើគ្នា ហើយករណីគ្រោះថ្នាក់អគ្គីភ័យទាំង១៦លើកនេះ គឺកើតឡើងនៅតាម បណ្តាលក្រុង ស្រុក ក្នុងខេត្តក្រចេះ ក្នុងនោះស្រុកសំបូរ ឆេះផ្ទះចំនួន៤ផ្ទះ ស្រុកស្នួល៥ផ្ទះ រោងដាក់សម្ភារៈ១ខ្នង ស្រុកឆ្លូងឆេះផ្ទះ១ផ្ទះ ស្រុកចិត្របុរី៦ផ្ទះ និងព្រែកប្រសព្វ៣ផ្ទះ ហើយករណីទាំងនោះ បានបណ្តាលឲ្យមនុស្សទទួលរងបួសស្រាលចំនួន៣នាក់ ក្នុងនោះស្រី១នាក់ ។

មានប្រសាសន៍បន្ថែមក្នុងទិវា ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា ៖ ភ្លើង គឺជាមធ្យោបាយបម្រើជីវភាពរស់នៅរបស់មនុស្សប្រចាំថ្ងៃ តែភ្លើងវាក៍អាចក្លាយទៅជាអគ្គីភ័យ ឆេះបំផ្លាញទ្រព្យសម្បតិ្ត អាយុជីវិត មនុស្ស សត្វ និងបិរស្ថានគ្រប់ពេលវេលា នៅពេលណាមនុស្សធ្វេសប្រហេស និងមិនមានការប្រុងប្រយ័ត្ន ឬអត្តនោម័ត ធ្វើអ្វីដោយពុំមានបច្ចេកទេសឲ្យបានត្រឹមត្រូវ ។

ហើយការប្រារព្វទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋយើងទូទាំងខេត្តមានការយល់ដឹង និងចងចាំបានថា អគ្គីភ័យគឺជាគ្រោះថ្នាក់យ៉ាងសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងត្រព្យសម្បត្តិប្រជាបលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហេស ឬគ្នានការប្រុងប្រយ័ត្ន  បើតាមពាក្យចាស់បុរាណខ្មែរបានពោលថា ៖ (ស៊ូលិចទូក កុំឲ្យភ្លើងឆេះផ្ទះ)  ពាក្យនេះចង់គូសបញ្ជាក់ថា គ្រោះថ្នាក់អគ្គីភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថា វាមិនត្រឹមតែឆេះអស់រលីង នូវទ្រព្យសម្បត្តិដែលខំរកស៊ីសន្សំទុកពីយូរឆ្នាំមកហើយនោះទេ តែថែមទាំងឆក់យកអាយុជីវិត កូនចៅ សមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឲ្យជនរងគ្រោះមានក្តីរន្ធត់ និងសង្វែងយ៉ាងខ្លាំង ។ 

ឯកឧត្តម បានអំពាវនាវ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើតវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គីភ័យនៅមូលដ្ឋាន ជាពិសេសឲ្យពួកគាត់មានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្ការឲ្យកើតមានអគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ឆេះសម្រាម ភ្លើងឆេះព្រៃ បារី រំសេវ កាំជ្រូច ប្រេងឥន្ទនៈ ចរន្តអគ្គីសនី ឧស្ម័នចំហេះ សាធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះ ។

ហើយស្នងការដ្ឋាននគរបាលខេត្ត ត្រូវធ្វើជាសេនាធិការជូន ឯកឧត្តមអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអំពីផែនការ វិធានការ និងការចាត់តាំងអនុវត្តកិច្ចការសំខាន់ៗដូចជា :រៀបចំខ្លឹមសារ រូបភាព និងវិធីសាស្ត្រ សម្រាប់បម្រើឲ្យអប់រំ ណែនាំ ដោយផ្សព្វផ្សាយតាមលក្ខណៈជាក់ស្តែង នៃភូមិសាស្ត្រនីមួយៗ និងសកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។ ចំពោះនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងស្ថានីយ៍រថយន្តពន្លត់អគ្គីភ័យនៅតាមអធិការដ្ឋាននគរបាលក្រុង .ស្រុកត្រូវមានកម្លាំងប្រចាំការ ២៤/២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍ប្រើប្រាស់ សម្ភារៈ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គីភ័យបានទាន់ពេលវេលា ។ជាមួយនោះត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមានគ្រោះអគ្គីភ័យកើតឡើង ។ប៊ុន មនោ