កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សមាគមអតីតយុទ្ធជនកម្ពុជានៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប

0

សៀមរាប៖ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប បានបើកច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សមាគមអតីតយុទ្ធជនកម្ពុជាឆ្នាំ២០១៨ លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ និង ប្រកាសទទួលស្គាល់ប្រធានកិត្តិយស អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង បន្ថែមរបស់សមាគមអតីតយុទ្ធជនកម្ពុជាចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានគណៈកម្មាធិការកណ្តាល និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ២០១៩ ។
ដោយយោងតាមរបាយការណ៍សមាគមអតីតយុទ្ធជនកម្ពុជាឆ្នាំ២០១៨ អានដោយឧត្តមសេនីយ៍ទោ ម៉ុក សុវណ្ណ មេបញ្ជាការយោធ ភូមិភាគទី៤ បានឲ្យដឹងថា នៅទូទាំងយោធភូមិភាទី៤នេះ មានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា សរុប ១៤ពាន់១៥៣នាក់ ក្នុង នោះ ជនពិការ មាន៥ពាន់៣២៧នាក់ ,និវត្តជន ៤ពាន់៧១១នាក់ , បាត់បង់សមត្ថភាព ៤៤២នាក់ , អ្នកពលី ៣ពាន់៨៥នាក់ និង មរណៈភាព ៤៤៨នាក់ ។ ក្នុងនោះលទ្ធផលដែលសមាគមអតីតយុទ្ធជនកម្ពុជាទាំង៤ខេត្តអនុវត្តបាន រួមមាន ការបំពាក់មេដាយ , ប្រគល់ផ្ទះស្នាក់នៅ , ចុះសួសុខទុក្ខ និង ចែកប័ណ្ណរបបសន្តិសុខសង្គម , បណ្ណ័បេឡាជាតិ , មេដាយការពារជាតិ ព្រមទាំងប្រគល់ថវិកា ដល់សមាគមអតីតយុទ្ធជនកម្ពុជា យោធភូមិភាគទី៤ ចំនួន១០លើក មានការចូលរួម៩ពាន់១៤២នាក់ និងបំពាក់ដាយប្រាក់ចំនួន៥២០ និងមេដាយសំរឹទ្ធ ៤ពាន់២៧២ និង ថវិកាសរុប ១១៤លាន៣៤០ពាន់រៀលផងដែរ ។ ដោយមានការប្រកាសទទួលស្គាល់ប្រធានកិត្តិយស អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបន្ថែមរបស់សមាគម អតីតយុទ្ធជនកម្ពុជា ចំណុះយោធភូមិភាគទី៤ ដែលមានសមាសភាពចំនួន០៩រូប គឺឯកឧត្តម ទៀ សីហា ត្រូវបានប្រកាសទទួល ស្គាល់ជាប្រធានកិត្តិយស ជំនួលឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមបណ្តាខេត្ត ក៏ធ្វើបទអន្តរាគមន៍ និង លើកនូវសំណូមពរមួយចំនួនរួចមក ។ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានគណៈកម្មាធិការកណ្តាល និង ជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានធ្វើការគាំទ្រនូវរាល់លទ្ធផលដែលសមាគមអតីតយុទ្ធជនកម្ពុជា យោធភូមិភាទី៤ទទួលបាន ក្នុងឆ្នាំ២០១៨ និង ឯកភាពលើទិសដៅអនុវត្តបន្តឆ្នាំ២០១៩ផងដែរ ។ ជាមួយគ្នាដែរឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា នេះ ជាការរួមចំណែក ក្នុងការដោះស្រាយនូវរាលបញ្ហារបស់អតីតយុទ្ធជន នៅតាមបណ្តាខេត្ត ព្រមទាំងបានធ្វើការប្រគល់នូវសេចក្តីសម្រេច ដល់ឯកឧត្តមអភិបាលខេត្តសៀមរាប ជាប្រធានកិត្តិយស នៃសមាគមអតីតយុទ្ធជនកម្ពុជា នៃយោធភូមិភាគទី៤។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានលើកឡើងថា ក្នុងនាមជាស្ពាននៃសេនាធិការឲ្យសម្តេចប្រធាន ក្នុងការដោះស្រាយរាល់បញ្ហាទាំងឡាយ របស់ អតីតយុទ្ធជន ក្នុងឋានៈជាអគ្គបញ្ញាការ និង សេនាធិការគ្រប់បណ្តាក្រុង ស្រុក ក្នុងការប្រគល់ភារកិច្ចបន្ត ក្នុងក្របខ័ណ្ឌនយោបាយនេះ ក៏ជាការបំពេញបន្ថែមសមាសភាពឲ្យសមាគមអតីតយុទ្ធជន មានភារកិច្ចក្នុងការមើលការខុសត្រូវ ចំពោះបងប្អូនអតីត យុទ្ធជន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាដើម ។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះគ្រប់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ភូមិ ក្នុងការគ្រប់គ្រងដីរបស់រដ្ឋ សំខាន់ដីធ្លីដែលរាជរដ្ឋាភិបាល បានប្រគល់ឲ្យទុកសម្រាប់ធ្វើការបែងចែកជូនដល់បង ប្អូនអតីតយុទ្ធជន ហើយដីមួយចំនួនត្រូវប្រជាពលរដ្ឋចូលមកទន្ទ្រានកាន់កាប់ ព្រមទាំងបានធ្វើការលក់ដូរពីមួយទៅមួយទៀតផង ។ ឯកឧត្តមបានបន្តទៀតថា បញ្ហាទាំងនេះ ក៏ជាកំហុសឆ្លងមួយចំនួន របស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងចំពោះលំហូរចូលរបស់ប្រជាពលរដ្ឋចំណាកស្រុក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដើមី្បធ្វើការដោះស្រាយបញ្ហាទាំងនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានលើកនូវបទពិសោធន៍ និង ផ្តល់អនុសាសន៍មួយចំនួន ដែលអគ្គលេខាធិការ អនុវត្តទទួលបានជោគជ័យកន្លងមក ក្នុងការដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយសន្តិវិធី ទៅតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើមី្បបម្រើដល់ផលប្រយោជន៍សង្គមផង និង ប្រជាពលរដ្ឋផងដែរ ៕