កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងលោកជំទាវ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីអបអរសាទរ មូលនិធិ ហោ ណាំហុង-បូរី ហោ ដែលបានផ្តល់ការឧបត្ថម សម្រាប់កុមារពិការភ្នែក និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ អង្គភាពពាក់ព័ន្ធមួយចំនួន និងសប្បុរសជននានាផងដែរ។
លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសកំពង់ចាម បានឲ្យដឹងថា សិស្សក្នុងវិទ្យាល័យសរុបទាំងអស់មានចំនួន១៦៥នាក់ ក្នុងនោះសិស្សពិការភ្នែកមាន៦១នាក់ និងគផ្លង់ចំនួន១០៤នាក់ ហើយបុគ្គលិកសរុបគឺមានចំនួន៣៥នាក់។ ដោយក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សចាប់ពីថ្នាក់បឋម ដល់វិទ្យាល័យ ក្នុងនោះមានសិស្សពិការភ្នែកចំនួន១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សិស្សគថ្លង់មានចំនួន១៣ថ្នាក់ ចាប់ពីថ្នាក់ទី១ទាប ទី១ខ្ពស់ ដល់ថ្នាក់ទី១២ ។ ដែលសាលាបង្រៀនទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏មានបង្រៀនកំព្យូទ័រ ភ្លេង របាំ និងបង្ហាត់ស្តាប់ និយាយដល់សិស្សគថ្លង់។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងថា ដោយមានការគាំទ្រពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងនោះ ដោយយោងតាមជីវភាពខ្វះខាត និងតម្រូវការជាចាំបាច់ របស់វិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដូច្នេះមូលនិធិ ហោ ណាំហុង បូរី ហោ នឹងផ្តល់ការកសាងអគារសម្រាប់ស្នាក់នៅ និងសិក្សា រៀបចំហេដ្ឋារចនាសម្ពន្ធ័សាលារៀន មានដូចជាបន្ទប់ទឹក បង្គន់ ផ្លូវពិការភ្នែក ស្នូរឬបង្កាន់ដៃ ជម្រេលសម្រាប់សិស្សពិការ។ និងឧបត្តម្ភ លេីសកម្មភាពដំណេីរការសាលារៀន មានដូចជាអាហារប្រចាំថ្ងៃ សម្ភារៈស្នាក់នៅ សម្ភារៈអនាម័យ សម្ភារៈបង្រៀន និងរៀន
មធ្យោបាយធ្វើដំណើរ ថ្លៃទឹកភ្លើង ថ្លៃអគ្គិសនី សេវាប្រើប្រាស់អ៊ីនធឺណិត សេវាថែទាំម៉ាស៊ីនចម្រុះទឹកជាដេីម។ ព្រមទាំងជួយឧបត្ថម្ភ ប្រាក់លើកទឹកចិត្តដល់គ្រូ និងបុគ្គលិកអប់រំដែលធ្វើការ២វេន និងគ្រូធ្វើការបន្ថែមផ្នែកថែទាំសុខភាពកុមារ។ ហើយក៏មានការឧបត្តម្ភសិស្សក្រីក្រពេលវិស្សមកាល សម្រាប់មធ្យោបាយធ្វើដំណើរទៅផ្ទះ និងត្រឡប់មកវិញ។ ជាពិសេសត្រូវបន្តកម្មវិធីថែទាំសុខភាពកុមារមួយចំនួនដែលបានត្រូវបញ្ឈប់ ដូចជា ការពិនិត្យភ្នែក និងផ្តល់វែនតា ឬឧបករណ៍ជំនួយ ដល់ការមេីល ការថែទាំសុខភាពមាត់ធ្មេញ ការផ្តល់ថ្នាំពេទ្យកម្រិតតូច ជាមួយសម្ភារៈសង្គ្រោះបឋម។ ដែលការជួយឧបត្ថម្ភដល់វិទ្យាល័យ និងកុមារពិការភ្នែក គថ្លង់នេះ គឺមានទឹកប្រាក់ប្រមាណជា ៤៨០លានរៀល នៅក្នុង១ឆ្នាំ ៕





































