កំពង់ចាម: ត្រសក់ចាវដែលផលិតដោយប្រជាពលរដ្ឋ រស់នៅក្នុងភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ជ្រើសរើសឲ្យចូលរួម ក្នុងកម្មវិធីតាំងពិព័រណ៍ បង្ហាញផលិតផលខ្មែរ នៅតាមបណ្ដាខេត្ត-ក្រុងនានា ហើយក៏មានការនាំចេញទៅក្រៅប្រទេស ដែលទាំងនេះគឺអាចកែប្រែក្នុងជីវភាពគ្រួសារបានយ៉ាងប្រសើរ។
អ្នកស្រី អៀង ជិងឡុង ជាអ្នកផលិតត្រសក់ចាវជាង១០ឆ្នាំមកហើយ បានរៀបរាប់អំពីមុខរបរធ្វើត្រសក់ចាវនេះថា ដំបូងគេត្រូវយកត្រសក់ស្រូវស្រស់ទៅត្រាំទឹកអំបិល រួចដាក់ហាលថ្ងៃឲ្យបានស្ងួតល្អ ដោយក្នុងត្រសក់ស្រស់១០គីឡូក្រាម ទទួលបានត្រសក់ស្ងួតចាប់ពី២គីឡូកន្លះ ទៅ៣គីឡូក្រាម ហើយត្រូវដាក់ត្រាំទឹកផ្អក មានលាយស្ករនិងរំដេង រួចញាត់ដាក់ក្នុងកែវជ័រតូច-ធំ ទៅតាមតម្លៃរបស់វា ដែលមានរយៈពេលតែ១សប្តាហ៍ប៉ណ្ណោះ គឺអាចយកទៅទទួលទានបានហើយ។
អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានជ្រើសរើសផលិតផលត្រសក់ចាវ របស់អ្នកស្រី ឲ្យចូលរួមដាក់បង្ហាញក្នុងកម្មវិធីតាំងពិព័រណ៍នៅតាមបណ្ដាខេត្ត-ក្រុងមួយចំនួនរួចមក អ្នកស្រីតែងតែទៅចូលរួម ក្នុងការដាក់បង្ហាញនៃកម្មវិធីតាំងពិព័រណ៍ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនមានដូចជាខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តក្រចេះ និងនៅកោះពេជ្រ រាជធានីភ្នំពេញ ជាពិសេសការតាំងពិព័រណ៍នៅវិមានឈ្នះៗ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ ដោយលក់ក្នុងកម្មវិធីតាំងពិព័រណ៍ ម្តងៗបានកម្រៃសរុបចាប់ពី៥០០$ទៅ១០០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។
ដោយនៅភូមិអ្នកស្រី ក៏មានអ្នកធ្វើត្រសក់ចាវលក់បែបនេះ ពី៦ទៅ៧គ្រួសារដែរ ដោយឡែកចំពោះអ្នកស្រីផ្ទាល់ ក្រៅពីលក់នៅក្នុងស្រុក ត្រូវបានជ្រើសរើសចូលរួមក្នុងការតាំងពិព័រណ៍កន្លងមក ហើយក៏មានបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសមួយចំនួន មានដូចជាប្រទេសបាំរាំង អូស្ត្រាលី និងកូរ៉េ បានមកទិញពីអ្នកស្រីដោយតម្រូវឲ្យវេចខ្ចប់ម្តងៗមានតម្លៃចាប់ពី២០០ទៅ៣០០ដុល្លារ សម្រាប់យកទៅទុកទទួលទាន ដោយត្រសក់ចាវនេះគឺអាចរក្សាទុកសម្រាប់ទទួលទានបានរយៈពេលពី៤ទៅ៥ខែ ឯណោះ។
អ្នកស្រីបានបញ្ជាក់ទៀតថា ត្រសក់ចាវនេះបើធ្វើការលក់ចេញ ក្នុង១កែវទម្ងន់កន្លះគីឡូតម្លៃ១ម៉ឺនរៀល កែវទម្ងន់១គីឡូក្រាម២ម៊ឺនរៀល និងកែវទម្ងន់១០គីឡូក្រាមតម្លៃ២០ម៉ឺនរៀល ចំពោះរដូវណាដែលលក់ដាច់ខ្លាំងដូចជាបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌ ក្នុង១ថ្ងៃគាត់អាចលក់បានដល់ទៅ៤០ទៅ៥០ម៉ឺនរៀល។
ដោយឡែកលោកលី វុទ្ធី រស់នៅភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស បានឲ្យដឹងដែរថា ចំពោះការផលិតត្រសក់ចាវនេះ គឺលោកត្រូវទិញត្រសក់ស្រស់ពីបងប្អូនប្រជាកសិករ ក្នុងភូមិ ដោយទិញចូលក្នុង១គីឡូក្រាម តម្លៃ១២០០រៀល ទៅ១៣០០រៀល ហើយគ្រាន់តែដាក់ត្រាំទឹកអំពិល ហើយដាក់ហាលថ្ងៃ រយៈពេល២ថ្ងៃ គឺអាចលក់ចេញក្នុង១គីឡូក្រាម ចាប់ពី២៥០០រៀល ទៅ៣០០០រៀល ផងដែរ ៕