កំពង់ធំៈរដ្ឋបាលក្រុងស្ទឹងសែន បន្ទាប់ពីបានសំណូមពរនិងជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមអនុវត្តន៍តាម
សេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលក្រុងស្ទឹងសែន លេខ ០៦៤/១៩ ស.ជ.ណ ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ ស្តីអំពីការសាងសង់ផ្លូវកៅស៊ូ (DBST) ក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជូនប្រជា ពលរដ្ឋដែលរស់នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ដែលរដ្ឋបាលខេត្តកំពង់ធំ គ្រោងនឹងធ្វើ ការអភិវឌ្ឍ ពង្រីកផ្លូវ មួយចំនួន ដើម្បីបង្កើនសោភ័ណភាពក្រុង និងបង្កើននូវភាពងាយស្រួលក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋរួចមក ព្រឹកថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៩ បានចុះរុះរើកំទេចសំណងលអាណាធិបតេយ្យសង់លើចំណីដីរដ្ឋ។
លោកអភិបាលក្រុងបានបញ្ជាក់ថា មុននឹងធ្វើការចុះរុះរើ និងធ្វើការវាយកំទេចចោលរបងនេះ ក្រុមការងារ របស់រដ្ឋបាលក្រុងបានធ្វើការជូនដំណឹងនិងធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចំនួន ០៩លើករួចមកហើយ។ ជាមួយគ្នានេះផងដែរ លោក អភិបាលក្រុង បានធ្វើសេចក្តីអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងសែន សូមធ្វើការស្នើសុំតាមនីតិវិធីច្បាប់ រាល់ពេលធ្វើការសាងសង់ទាំង សំណង់អគារ និងសំណង់របងផ្សេងៗផងដែរ។
ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលមាន លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ចុះអនុវត្តន៍ និងបានបញ្ជាក់ថា រដ្ឋបាលក្រុងស្ទឹងសែន នឹងធ្វើការពង្រីកផ្លូវក្នុងក្រុង ជាបន្តបន្ទាប់ដែលរួមមាន៖
១. ផ្លូវតភ្ជាប់ពីផ្លូវលេខ១៣ ត្រង់ចំណុចផ្ទះរបស់ លោក ប៉ឹក ណាទ្រី (ផ្លូវលេខ ១៣ “A”) ទៅត្បូង មានទំហំទទឹង១០ ម៉ែត (បានចុះអនុវត្តចុះធ្វើការវាយ និងរុះរើរួចរាល់)
២. ផ្លូវលក់នំប៉័ង ភ្ជាប់ពីផ្លូវលេខ ១១ ទៅផ្លូវលេខ១៣ ទំហំទទឹង៧ ម៉ែត
៣. ផ្លូវទទឹងថ្ងៃខាងលិចផ្ទះ លោក ខែក ផា តភ្ជាប់ពីផ្លូវលេខ១៣ ទៅទិសខាងត្បូង មានទំហំទទឹង ៧ម៉ែត
៤. ផ្លូវបណ្តោយផ្ទះ លោក ខែក ផា ខាងត្បូងមានទំហំទទឹង ៥ម៉ែត
៥. ផ្លូវបណ្តោយថ្ងៃផ្ទះ លោក ខែក ផា ទៅទិសខាងលិចមានមានទំហំទទឹង ៥ម៉ែត
៦. ផ្លូវលេខ ១៣ ចាប់ពីក្រុមហ៊ុន វ៉ាយស៊ីភី (YCP) រហូតដល់ព្រំប្រទល់កំពង់រទេះមានទំហំទទឹង១០ម៉ែត
៧. ផ្លូវសាលាអនុវិទ្យាល័យកំពង់រទេះ ទៅទិសខាងលិចមានទំហំទទឹង៧ ម៉ែត
៨. ផ្លូវលេខ ១១ ចាប់ទីសាលាបង្រៀនបើកបរដៃនិម្មិតរហូតដល់ផ្ទះសំណាក់ ថៃ លី វាលស្រែ១០០ មានទំហំទទឹង១០ម៉ែត
៩. ផ្លូវក្រោយវិទ្យាស្ថានក្រុងអង្គរ មានទំហំទទឹង ៦ម៉ែត
១០. ផ្លូវផ្ទះលោកស្រី សោ រីណា ពីផ្លូវលេខ១១ ទៅផ្លូវលេខ១៣ មានទំហំទទឹង៧ម៉ែត។