កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៤ ខេត្តកំពង់ធំ ដែលបានប្រារព្វធ្វើឡើង នៅក្នុងបរិវេណស្តាចាស់ ភូមិ ក្តី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំថ្ងៃទី ២៦ ខែ កុម្ភ: ឆ្នាំ២០១៩ ។
ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៤ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ពីរបាយការណ៍ ក្នុងឆ្នាំ ២០១៨ និងដើមឆ្នាំ២០១៩ ដោយពិនិត្យជារួម ក្នុងភូមិសាស្ត្រទូទាំងខេត្ត សភាពការណ៍ សន្តិសុខ នយោបាយ បទល្មើសផ្សេងៗមានសភាពថយចុះគួរអោយកត់សម្គាល់ គ្រោះថ្នាក់ដោយសារអគ្គិភ័យ មានការកើនឡើងបើប្រៀបធៀបក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៧ គឺមានចំនួន ៣៧លើក/៤៤លើក (កើនឡើង ៧លើក ស្មើ ១៨.៩១%) ដែលបណ្ដាលអោយឆេះផ្ទះចំនួន ៣៩ ខ្នង,ឆេះតូប ០៧ ខ្នង,ឆេះម៉ូតូ ០៤ គ្រឿង,ឆេះប្រាក់រៀល ៦០.២៧០.០០០ រៀល,ប្រាក់ដុល្លា ១៥.០០០ ដុល្លា ព្រមទាំងសម្ភារៈមួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា មូលហេតុសំខាន់ៗដែលបណ្ដាលអោយកើតឡើងមានគ្រោះថ្នាក់អគ្គិភ័យដូចជា : កត្តាភ្លើងចង្ក្រានចំនួន ២៥ %,កត្តាឆ្លងចរន្តអគ្គិសនីចំនួន១៨.១៨% ,កត្តាធ្វេសប្រហែសចំនួន ៦.៨១ %,កត្តាមូលហេតុផ្សេងៗចំនួន ៥០.៦៤% នៅរយ:ពេល២ខែដើមឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់អគ្គិភ័យទូទាំងខេត្តមានចំនួន ៧ លើក បណ្តាលឲ្យឆេះផ្ទះចំនួន ៥ ខ្នង ឆេះតូបចំនួន ២ តូបឆេះរម៉ក់ម៉ូតូចំនួន ២ គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតឡើងមកពី កត្តាភ្លើងធូប ០១ លើក,កត្តាឆ្លងចរន្តអគ្គិសនី ១ លើក,កត្តាធ្វេសប្រហែស ៤ លើក,កំពុងស្រាវជ្រាវចំនួន ១ លើក។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការ អន្តរាគមន៍ បង្ការ សង្រ្គោះពន្លត់អគ្គិភ័យ ទាន់ពេលវេលា ជាពិសេសករណីអគ្គិភ័យកើតមានឡើងឆេះរោងនៅក្បែរផ្សារកំពង់ថ្ម និងសូមឲ្យមានការគោរពវិន័យ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់ និងពង្រឹងការអនុវត្តច្បាប់ ។
ឯកឧត្តមបានអំពាវនាវ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយល់ថាការបង្ការ-ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់ក្រសួងស្ថាប័ន្ថ ផ្នែកឯកជន ទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះពន្លត់អគ្គិភ័យ ត្រូវចូលរួមនៅពេលមានគ្រោះថ្នាក់អគ្គិភ័យកើតមានឡើង ក្រោមពាក្យស្លោកថា”យើងទាំងអស់គ្នាត្រូវចូលរួមបង្ការ-ពន្លត់អគ្គិភ័យ” ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ មានវិធានការអប់រំ ដល់ប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង និងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ និងអោយមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះដើមចមដែលផ្ដើមអោយមានគ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងធុប ប្រេងសាំង ចរន្តអគ្គិសនី រំសេវសារធាតុគីមី ។ ដោយ ប៊ុន រដ្ឋា





































