ខេត្តសៀមរាប៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ អំពាវនាវឱ្យមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋ រួមគ្នា ថែរក្សាការពារអង្គរ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរមណីយដ្ឋានអង្គរបានកំពុងឈរលំដាប់កំពូលលើពិភពលោក ទាំង
គោលដៅទេសចរណ៍ កិច្ចការអភិរក្សនិងស្រាវជ្រាវ ព្រឹកថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាក្រោមអតិ។
ថ្លែងនៅក្នុងពិធីប្រកាសឯកឧត្តម ហង្ស ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរាជំនួសឯកឧត្តមស៊ុ ម៉ាប ដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩នេះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរបានកំពុងតែឈរនៅលំដាប់ថ្នាក់កំពូលលើពិភពលោកទាំង គោលដៅទេសចរណ៍ និងកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបេតិកភណ្ឌ។ ហើយត្រូវបានគេមើលឃើញថា ការងារអភិរក្ស ស្រាវជ្រាវ របស់កម្ពុជា កំពុងតែឈាមមុខ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយរមណីយដ្ឋានអង្គរ ក៍បានក្លាយជាទីតាំងបុរាណវិទ្យាដ៍ធំជាងគេរបស់អង្គរការយូណេស្កូ សម្រាប់កិច្ចការអភិរក្ស ជួសជុល និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះផងដែរ។
លោកជំទាវបានបន្តថា ក្រសួងវប្បធម៌បានកំពុងតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងវប្បធម៌ដោយធ្វើអ្វីមិនឱ្យមានការគំរាមកំហែងដល់រមណីយដ្ឋានអង្គរនិងប្រាង្គប្រាសាទផ្សេងៗទេ និងបន្តធ្វើការសិក្សា ស្រាវជ្រាវ និងស្នើដាក់តំបន់ប្រាង្គប្រាសាទ ទីក្រុង និងសម្បត្តិវប្បធម៌អរូបីដែលមានតម្លៃលេចធ្លោជាសាកល បញ្ជូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកជំទាវរដ្ឋមន្រ្តីបានអំពាវនាវឱ្យមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋ រួមគ្នា ថែរក្សាការពារអង្គរ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរមណីយដ្ឋានអង្គរបានកំពុងឈរលំដាប់កំពូលលើពិភពលោកទាំង គោលដៅទេសចរណ៍ កិច្ចការអភិរក្ស និងស្រាវជ្រាវ។លោកជំទាវបានបញ្ជាក់ ការងារអភិរក្ស ស្រាវជា្រវ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌនេះមិនងាយស្រួលនោះទេ ដូច្នេះកូនខ្មែរទាំងអស់ត្រូវចេះជួយ ចេះឈឺច្អាល ថែរក្សាការពារអង្គររបស់យើងឱ្យបានល្អ ខណៈដែលបច្ចុន្ននេះមានជនជាតិបរទេសមួយចំនួន ដែលគេមិនមែនជាខ្មែរផង គេបានមកចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារជួសជុលប្រាសាទ អភិក្ស ថែរក្សា អង្គរ ។
លោកជំទាវ ភឿង សកុណា បានជម្រុញឱ្យឯកឧត្តម ហង្ស ពៅ ដែលទើបតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរាថ្មីត្រូវត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំការអភិរក្សនិងអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរនេះឱ្យបានកាន់តែល្អ សំដៅធ្វើយ៉ាងណាថែរក្សាឱ្យបាននូវតម្លៃរបស់រមណីយដ្ឋានអង្គរ អត្តសញ្ញណជាតិ ទាក់ទាញបាននូវភ្ញៀទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរបានកាន់តែច្រើន ជាពិសេសបន្តលើកការងារសិក្សាស្រាវជ្រាវចងក្រងឯកសារសម្រាបធ្វើការអភិរក្សបេតិកភណ្ឌរបស់យើងឱ្យកាន់តែល្អបន្ថែមទៀត។
ឯកឧត្តម ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដែលទើបតែងតាំងថ្មីបានប្តេជ្ញាថា និងខិតខំដឹកនាំធ្វើការ ការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបុរាណវិទ្យាវប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាសិក្សាស្រាវជ្រាវ រៀបចំ គ្រប់គ្រងប្រកបដោយចីរភាព នូវធនធានធម្មជាតិ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍ និងតុល្យភាពបរិស្ថាន ទឹក ព្រៃឈើ ព្រមទាំងគុណភាពដីផងដែរ៕




































