ក្រុងសេអ៊ូលៈ យោធាក្រុងសេអ៊ូល ពីថ្ងៃអាទិត្យបាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លង ទ្វីបពីរគ្រាប់ទៅក្នុងសមុទ្រជាការបាញ់ថ្មីបំផុត។ មន្ត្រីក្រសួងការពារជាតិម្នាក់ បានប្រាប់ AFP ថា កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅក្នុងសមុទ្រខាងកើតពីឆ្នេរសមុទ្រ ខាងកើត
របស់ប្រទេសនេះកាលពីព្រឹកថ្ងៃអាទិត្យ។ មន្ត្រីរូបនោះ បាននិយាយថា៖ «មីស៊ីលទាំងពីរគ្រាប់នោះ បានធា្លក់ក្នុងដែនទឹកអន្តរជាតិហួសពីព្រំដែនសមុទ្ររបស់ខ្លួន។ លោកមិនបានរៀបរាប់លម្អិតអំពីប្រភេទមីស៊ីលនោះទេ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីមន្ត្រីយោធា ម្នាក់ បាននិយាយថា ពួកវាជាមីស៊ីលស្គុដរយៈចម្ងាយខ្លី ដែលអាចរត់វាយប្រហារគោលដៅចម្ងាយ៥០០គ.ម.។ នៅក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera ក៏បានប្រាប់ក្រុមអ្នកកាសែតថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបមួយចំនួន។ រដ្ឋាភិបាលជប៉ុន បានធ្វើការតវ៉ាជាមួយក្រុងព្យុងយ៉ាងតាមរយៈស្ថានទូតខ្លួន នៅក្នុងក្រុងប៉េកាំង។ ការបាញ់នេះ បានកើតឡើងបីថ្ងៃក្រោយពីក្រុងព្យុងយ៉ាង
បានបាញ់នូវអ្វីដែលត្រូវបានគេជឿថាជាមីស៊ីលចម្ងាយខ្លី បីគ្រាប់ចូល ទៅក្នុងសមុទ្រពីថ្ងៃព្រហស្បតិ៍។ យោធាកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង មិនបានបញ្ជាក់ជាផ្លូវការពីការបាញ់ពីថ្ងៃព្រហស្បតិ៍នោះទេ។ ប៉ុន្តែមួយថ្ងៃក្រោយមក ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េគ្រប់គ្រងដោយរដ្ឋ បានសាទរដល់អ្វីដែលខ្លួនបានហៅថា ការសាកល្បងដោយជោគជ័យនូវមីស៊ីលដ៏ទំនើបនិងស្គាល់គោលដៅជាក់លាក់ ក្រោមការតាមដាន
របស់មេដឹកនាំ លោក គីម ជុងអ៊ុន។ ទោះបីជាយ៉ាងណា ការបាញ់បង្ហោះរបស់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាការផ្គើននឹងសម្ពាធពីសហគមន៍អន្តរជាតិ រួមទាំងក្រុងប៉េកាំងផង។ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរទីបី ក្នុងខែកុម្ភៈ ២០១៣ ធ្វើឲ្យអ.ស.ប. បន្ថែមទណ្ឌកម្មជាថ្មី ប៉ុន្តែកូរ៉េនៅតែមិនខ្វល់៕