ខេត្តកំពត ៖ ស្ពានបេតុងមួយកន្លែងស្ថិតនៅដងស្ទឹងកោះស្លាព្រំប្រទល់រវាងភូមិវាលក្រសាំងក្នុងឃុំតាកែននិងភូមិស្លានឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត។ នៅព្រឹកថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ២០១៩ត្រូវបានឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចុះពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្ដែងក្នុងដំណាក់កាលនៃការចាក់បេតុងកំរាលស្ពានមួយកន្លែងនេះ។
គម្រោងស្ពាននេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន មរ៉ានីហ៊ុន សែន ដែលធ្វើពីបេតុង មានប្រវែង៥៥ម៉ែត្រកម្ពស់៨ម៉ែត្រ ទទឹងជាង៣ម៉ែត្រ កំរាស់បេតុង០,១៥ម៉ែត្រនិងសសរស្ពាន១០ជួរដែលត្រូវបានចំណាយថវិកាអស់ប្រមាណ ២១០០០ដុល្លា។
មានប្រសាសន៍ សំណេះសំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនមរ៉ានីហ៊ុន សែនជូនចំពោះប្រជាពលរដ្ឋ សិស្សានុសិស្សនិងអាជ្ញាធរមូលដ្ឋាន។ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងមានការគិតគូរខ្ពស់ពីសុខទុក្ខលំបាកបញ្ហាប្រឈមនានា និងមានការឆ្លើយតបដោះស្រាយរាល់សំណូមពរជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេសដោយមិនមានការរើសអើងឡើុយ។ 
ជាការពិតជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងសំណូមពរតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងតំបន់នេះដែលកន្លងមកមានទុក្ខលំបាក ក្នុងការធ្វើដំណើរ ក៏ដូចជាការនាំកសិផលទៅកាន់ទីផ្សារនានា ព្រមទាំងសំរួលដល់សិស្សានុសិស្សទៅកាន់សាលារៀននៅរដូវវស្សាទឹកឡើងផង។ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់នូវថវិកា និងចាត់អោយអាជ្ញាធរខេត្ត ស្រុក ឃុំ ដើម្បីសហការគ្នាកសាងស្ពានដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងកាត់បន្ថយការចំណាយទាំងថវិកា ពេលវេលា និងគ្រោះភ័យផ្សេងៗដោយយថាហេតុ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវរួមគ្នាជំរុញការងារបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយក៏ត្រូវត្រៀមលក្ខណៈបំរុងថែរក្សាប្រភពទឹកដែលមានស្រាប់អោយបានល្អដើម្បីទប់ទល់នឹងភាពរាំងស្ងួតឆ្នាំនេះអូសបន្លាយយូរតាមការព្យាករណ៍ឧត្តុនិយមជាពិសេសបើតំបន់មានប្រភពលឹកហើយធ្លាប់ធ្វើស្រែប្រាំងបានពីរដងក្នុងមួយរដូវប្រាំងត្រូវងាកមកធ្វើមួយដងវិញចំពោះឆ្នាំនេះតាមស្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែនផងដែរ។





































