ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីរាជធានីភ្នំពេញ និងនៅក្នុងខេត្ត គេកំពុងតែធ្វើអ្វី?

0

ខេត្តកំពង់ឆ្នាំង៖ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីរាជធានីភ្នំពេញ និងនៅក្នុងខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩ បានមកកាន់មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំតាមដាន និងយកព័ត៌មាន ស្តីពី អ្នកសារព័ត៌មានចំនួនពីររូប ដែលត្រូវបាន លោក លី ផេង ប្ដឹង មកកាន់កងរាជអាវុធហត្ថខេត្ត ពីបទញុះញង់ និងជំរិតព័ត៌មាន ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២០ និង ២១ ខែកុម្ភៈ នៅចំណុច ដីទំនាស់ ស្ថិត ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សូមរំលឹកថា៖បន្ទាប់ពីមានទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៣៧ គ្រួសារ ដែលរងគ្រោះដោយសារការទិញដីមិនបានដី អស់រយៈពេលជាង៣ឆ្នាំកន្លងទៅ នៅថ្ងៃទី២០ និង២១ ប្រជាពលរដ្ឋ បាននាំគ្នាចូលទៅធ្វើរោងលើដីរបស់ខ្លួនដែលបានទិញ តែត្រូវបានលោក លី ផេង ហាមឃាត់និងរុះរើចេញ ដោយអះអាងថា៖ ខ្លួនជាម្ចាស់ដីពិតប្រាកដ និងមានដីការក្សាការពាររបស់តុលាការរាជធានីភ្នំពេញ ហើយបានបញ្ជាឲ្យកម្មកររបស់ខ្លួន រុះរើរោងរបស់ប្រជាពលរដ្ឋ ទាំង៣៧គ្រួសារនោះចេញ ។ បន្ទាប់មក មានការសម្របសម្រួលគ្នានៅសាលាសង្កាត់ខ្សាម រវាងប្រជាពលរដ្ឋ ទាំង៣៧គ្រួសារ ជាមួយ លោក លី ផេង ។ ប៉ុន្តែការសម្របសម្រួលមិនទទួលបានលទ្ឋផលឡើយ ។ ក្នុងហេតុការខាងលើនេះ លោក កែវ រតនា នាយកសារព័ត៌មាន NTV ​និងលោក សុខ ចន្ថា នាយកសារព័ត៌មាន MCTV ដែល បានចុះទៅយកព័ត៌មានដោយឡាយបន្តផ្ទាល់ ពីសកម្មភាព ទំនាស់គ្នាខាងលើនេះ ត្រូវបានលោក លី ផេង បឹ្តងពីបទញុះញង់ និង ជម្រិតព័ត៌មាន ។

នៅថ្ងៃដដែល (២៦ កុម្ភះ) ក្រោយការសាកសួរ រហូតដល់ម៉ោង ១ និង ៤០ នាទីរសៀល លោក លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា៖ ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ លោក បានអនុវត្តទៅតាមពាក្យបណ្ដឹងរបស់លោក លី ផេង ដែលប្ដឹងអ្នកកាសែត ២ រូប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង លោកគ្មានសិទ្ឋ វិនិច្ឆ័យ ខាងណាខុសខាងណាត្រូវនោះទេ ។ ប៉ុន្តែយ៉ាងនេះក្តីសម្រាប់ជំហរបស់លោក គឺលោកចង់អោយរឿងនេះបានចប់នៅត្រឹមកន្លែងលោកចុះ មិនចង់អោយវែងឆ្ងាយដល់តុលាការនោះទេ ។ពេលនេះលោកបានសាកសួរភាគីចុងចំលើយរួចរាល់ហើយនៅឡើយ ភាគីដើមចោទតែប៉ុណ្ណោះ ។ហើយបើសិនជាគ្មានអ្វីធំដុំទេ នឹងអាចបញ្ចប់រឿងនេះក៏ថាបានដែរ សម្រេចលើភាគីដើមចោទតែប៉ុណ្ណោះ ។

លោក កែវ រតនា នាយកសារព័ត៌មាន NTV ដែលរងការចោទប្រកាន់ខាងលើ បាននិយាយដែរ ថា៖លោកមិនបានញុះញង់ឲ្យប្រជាពលរដ្ឋទៅសាងសង់រោង លើនៅលើដីទំនាស់នោះទេ ការសាងសង់រោង វាជាសិទ្ធិរបស់ប្រជាពលរដ្ឋរងគ្រោះ ។ ចំណែកលោក គ្រាន់តែជាអ្នកយកព័ត៌មាន ពីប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងជួបការលំបាក នេះជាភារកិច្ចរបស់អ្នកសារព័ត៌មាន ។ រឿងចោទលោកថាៈ ជំរិតព័ត៌មាន តើជំរិតបែបណា ព្រោះធម្មតាអ្នកសារព័ត៌មាន គឺត្រូវការព័ត៌មានទាំងសងខាង ទាំងប្រជាពលរដ្ឋ និង ទាំងខាងលោក លី ផេង ដើម្បីអោយមានសមធម៌ ។ ក្នុងរឿងនេះលោកនឹងបន្តសាកសួរព័ត៌មានបន្ថែមពីលោក លី ផេង ទៀតដោយមិនរាថយឡើយ ដើម្បីអោយ ដឹងថាៈ ខាងណាខុសខាងណាត្រូវ ។

ដោយឡែក ឯកឧត្តម នួន សុខាវី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋា ភិបាល ក៍បាននិយាយដែរថា៖ លោកមកទីនេះគឺគ្រាន់តែតាមដានសភាពការណ៍ និងសាច់រឿង តែប៉ុណ្ណោះលោកមិនបានស៊ីជម្រៅទៅនឹងច្បាប់ថាៈ ខាងណាខុស ខាងណាត្រូវឡើយ ទុករឿងនេះជូនអ្នកច្បាប់ទៅចុះ លោកមកទី គឺមកតាមដានសាច់រឿង អោយពិតប្រាកដតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថាៈ ដើមរឿងនៃទំនាស់នេះ លោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងធ្លាប់បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានហើយថា៖ ដើមឡើយលោក សាយ សួ បានទិញដីពីលោកតា ជៀម ហៃ បន្ទាប់មក បានផ្ទេរសិទ្ឋទៅអោយ លោក អៀរ គុយម៉ុង ហៅក្តាន់ និងបានចាក់ដីពុះឡូលក់ ។ ស្រាប់តែក្រោយមកទៀត ឃើញឈ្មោះ លី ផេង បានយកលុយ៥ពាន់ដុល្លាមកប្រគល់អោយ លោកតាជៀម ហៃ ទៅវិញ ។ លោកចៅសង្កាត់ខ្សាមបានបញ្ជាក់ថាៈ លោក សាយ សួ មានលិខិតផ្ទេសិទ្ឋ អោយលោក អៀរ គុយម៉ុង ហៅក្តាន់ តែលោក មិនឃើញលោក លី ផេង ទទួលសិទ្ឋពីខាងណានោះទេ ។

ក្នុងការសាកសួរបស់ មន្ត្រីកងរាជអាវុធហត្ថលើសំណុំរឿងខាងលើមិនឃើញមានវត្តមានលោក លី ផេង នោះឡើយ ទើបយើងមិនអាចសុំការបំភ្លឺបាន ៕