កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមព្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយយុទ្ធនាការជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី គណៈកម្មាធិការជំរឿនទូទៅប្រជាជន ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា កិច្ចប្រជុំនេះគឺ ពិតជាមានសារៈសំខាន់ណាស់ ដេីម្បីត្រៀមលក្ខណៈតាមមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការជំរឿនទូទៅប្រជាជន នាពេលខាងមុខឲ្យទទួលបានជោគជ័យខ្ពស់។ គោលបំណងទូទៅនៃជំរឿនឆ្នាំ២០១៩ គឺទទួលបានការរាប់ប្រជាជន តាមអាយុ និងភេទ ផ្តល់របាយប្រជាជន តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គម នឹងឈានទៅបង្កើតបញ្ជីសារពេីភ័ណ្ឌប្រភពកម្លាំងពលកម្ម និងលក្ខណៈប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា នៅពេលមួយជាកំណត់ និងផ្ដល់នូវស៊ុម គំរូសម្រាប់ធ្វើអង្កេត និងធ្វើកម្មវិធីស្ថិតិផ្សេងទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការប្រើប្រាស់ទិន្នន័យជំរឿនមិនត្រឹមតែសម្រាប់ការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ តែសម្រាប់ធ្វើគោលនយោបាយ ធ្វើផែនការសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ ការបង្កើតឱកាសមានការងារធ្វើ ការកែលំអកម្រិតអប់រំរបស់ប្រជាជន ការផ្ដល់សុខភាពជូនមនុស្សគ្រប់រូបតាមរយៈការរៀបចំគោលនយោបាយកែលំអ និងពង្រឹងសេវាកម្មសុខាភិបាលក្នុងប្រទេស ដេីម្បីបំបាត់ជំងឺនានា បន្ថយចំនួនកុមារស្លាប់នៅក្នុងវ័យទារក និងនៅបឋមវ័យរបស់កុមារ។ មិនតែប៉ុណ្ណោះការធ្វេីជំរឿនទទួលបានតួរលេខពីរបាយប្រជាជន កំពុងកេីនឡេីងក្នុងល្បឿនបែបណា ដេីម្បីឲ្យរាជរដ្ឋាភិបាលព្យាករណ៍ធ្វេីគោលនយោបាយប្រជាជន ធ្វើផែនការលំនៅឋាន ការកែលំអសម្ភារៈប្រើប្រាស់ ផ្ដល់អគ្គិសនី ទឹកទទួលទានឬប្រេីប្រាស់…។ ល។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយទិន្នន័យជំរឿន មានសារៈប្រយោជន៍ដល់វិស័យជាច្រើន ដូចជាក្នុងជំនួញពាណិជ្ជកម្ម ឧស្សាហកម្ម និងវិស័យស្រាវជ្រាវខាងប្រជាជនទៀតផង។ ដូច្នេះសូមប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ចូលរួមសហការក្នុងយុទ្ធនាការជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដេីម្បីឲ្យដឹងច្បាស់ពីបច្ចុប្បន្នភាពតួលេខសរុបរបស់ប្រជាពលរដ្ឋ សម្រាប់បម្រេីផែនការសកម្មភាពនានារបស់រាជរដ្ឋាភិបាលយេីង ៕





































