សៀមរាប= នៅព្រឹកថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហោ សារុន អនុរដ្នលេខាធិក្រសួងទេសចរណ៍ បានបានអញ្ចើញចូលរួមក្នុងពិធីសិក្ខាសាលា ស្ដីពី (ការជំរុញទូក្រុងសៀមរាបជាទីក្រុងគ្មានផ្សែងបារី និងពិធីប្រគល៎ពានបេតិកភណ្ឌអង្គរគ្មានផ្សែងបារីដល់អាជ្ញាធរអប្សរា) ដោយក្នុងរយៈកាលកន្លងមក
រដ្ឋបាលក្រុងសៀមរាបបានបង្កើតគណៈកម្មការទីក្រុងគ្មានផ្សែងបារី ហើយបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សង្កាត់ទាំង១២ មន្ទីរពាក់ព័ន្ធ នគរបាល រួមទាំងម្ចាស់ឬអ្នកគ្រប់គ្រងនៃកន្លែងធ្វើការ និង កន្លែងសាធារណៈ មានដូចជាសណ្ឋាគារ/ផ្ទះសំណាក់ ភោជនីយដ្ឋាន/អាហារដ្ឋាន វត្តអារាម សាលារៀននិងភាគីពាក់ព័ន្ធផ្សេងទៀត។ ជាក់ស្តែងសង្កាត់ទាំង១២របស់ក្រុងសៀមរាបភាគច្រើនបានដាក់បញ្ចូលគំរោងទីក្រុងគ្មានផ្សែងបារីក្នុងផែនការសង្កាត់ឆ្នាំ តាំងពីឆ្នាំ ២០១៧។
សកម្មភាពអនុវត្តសំខាន់ៗកន្លងមកស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់សង្កាត់ទាំង១២រួមទាំងអាជ្ញាធរពាក់ព័ន្ធ គឺបានចុះទៅអប់រំម្ចាស់មូលដ្ឋានអាជីវកម្មនៅក្នុងក្រុងសៀមរាបស្តីពីការហាមជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ការហាមផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់ជាដើម។ ថ្មីៗនេះរដ្ឋបាលក្រុងសៀមរាបបានរៀបចំយុទ្ធនាការជិះកង់ដើម្បីក្រុងសៀមរាបគ្មានផ្សែងបារី និងដំឡើងស្លាកសញ្ញាទូទាំងក្រុងសៀមរាបស្តីអំពីសារព្រមានសុខភាពលើកញ្ចប់បារី ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ការហាមផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទំរង់ និងផលប៉ះពាល់នៃការជក់បារី និងការស្រូបផ្សែងបារីពីគេ។
ក្នុងឱកាសនេះដែរអាជ្ញាធរអប្សារានឹងទទួលពានបេតិកភណ្ឌគ្មានផ្សែងបារី ចំពោះការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងរមណីយដ្ឋានអង្គរ ដែលនេះជាការរួមចំណែកលើកស្ទួយមុខមាត់ព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។ គួរបញ្ជាក់ថា បណ្តាប្រទេសអាស៊ានមួយចំនួនក៏មានរមនីយដ្ឋានទេសចរណ៍គ្មានផ្សែងបារីដូច ជាថៃ ឡាវ ម៉ាឡេស៊ី ហ្វីលីពីនជាដើម។
ទោះបីជាអាជ្ញាធរបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅមានកម្រិត។ យោងតាមលទ្ធផលនៃការអង្កេតការអនុវត្តច្បាប់ស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅខែធ្នូ ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាបបានអោយដឹងថា កន្លែងធ្វើការនិងកន្លែងសាធារណៈ៤២%ប៉ុណ្ណោះមានការបិទសញ្ញាហាមជក់បារី មានន័យថាបុគ្គលិកឬអតិថិជនលើសពី៥០%មិនត្រូវបានការពារពីការស្រូបផ្សែងបារីនៅឡើយ។ លើសពីនេះទៀត៤០%នៃប៉ុស្តិ៍នគរបាល ២៥%នៃសាលាសង្កាត់ ១១%នៃគ្រឹះស្ថានសាសនា មានកន្ទុយបារីនៅក្នុងអគារនិងបរិវេណ។ ដូចនេះហើយទើបអាជ្ញាធរខេត្តសៀមរាបជំរុញអោយមានសកម្មភាពបន្ថែមទៀតដើម្បីធ្វើអោយប្រសើរឡើងដល់ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
យើងដឹងហើយថានៅក្នុងផ្សែងបារីមានសារធាតុគីមីជាង៧០០០ប្រភេទ យ៉ាងហោចណាស់ ៧០ប្រភេទ ជាសារធាតុបង្កជំងឺ មហារីក ហើយសារធាតុគីមីទាំងនោះមានក្នុងសន្លឹកថ្នាំជក់ពីធម្មជាតិ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្ស៧លាននាក់បានស្លាប់រៀងរាល់ឆ្នាំ (៦លានជក់បារី និង ៨៦០ពាន់នាក់ ស្រូបផ្សែងបារីពីគេ) ថវថិការ១.៤ពាន់លានដុល្លារខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់ (ព្យាបាលជំងឺ និង ស្លាប់មុនពេលកំណត់ បាត់បង់កំលាំងពលកម្ម)។ ចំពោះទំហំនៃការខាតបង់នៅប្រទេសកម្ពុជា មនុស្ស១ម៉ឺននាក់ស្លាប់ក្នុងមួយឆ្នាំៗ (ប្រហែល៣០នាក់ក្នុងមួយថ្ងៃ) ថវិកាប្រមាណ ២០០ លានដុល្លាខាតបង់ដោយសារការទិញបារី (NIS 2015) ថវិកាប្រមាណ១៦២លានដុល្លាត្រូវចំណាយដើម្បីព្យាបាលជំងឺប្រាំមុខ (NCHP)៕ប៊ុនរិទ្ធី





































