ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន និងសុរិយោដីស្រុកសន្ទុកចុះពិនិត្យតំបន់​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់ធំ​

0

កំពង់ធំៈ  ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់ធំ និងមន្រ្តីសុរិយោដីស្រុកសន្ទុក រួម​ជាមួយក្រុមការងារសមាគមអតីតយុទ្ធជន និង​អាជ្ញាធរ​ដែនដី ចុះពិនិត្យទីតាំងដីជាលើកទី២ ដែល ជាដីសប្បទានសង្គមកិច្ចសម្រាប់ចែកជូន ដល់ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលរស់នៅក្នុងខេត្តកំពង់ធំ  មានជីវភាពខ្វះខាត ឬមានជម្រកស្នាក់នៅមិនសមរម្យ គ្មានដីគ្មានផ្ទះ ​ រស់​នៅ​ពិត​ប្រាកដដែលមាន​ចំនួន​២០១​ គ្រួសារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។​ដីសម្បទាន​សង្គម​កិច្ច​សម្រាប់​ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ ត្រូវបាន រៀបចំជា​ប្លង់​សាងសង់​លំនៅដ្ឋាន​ ផ្លូវ​ថ្នល់​ សាលារៀន​ និង​ដីបង្ករបង្កើនផល​ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ទទួល​បន្ទុក​អតីត​យុទ្ធ​ជន​ និង​ជន​ពិការ​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​ការណែនាំ​របស់​ឯកឧត្តម​សុខ​ លូ​ អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​  ដែលមានទីតាំង នៅតំបន់​ចំបក់​ធំ​ ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ។សកម្មភាពក្រុមការងារចុះពិនិត្យ ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​   នៅ​ព្រឹក​ថ្ងៃ​ពុធទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​ធ្វើ​ការ​ត្រួតពិនិត្យ ទីតាំងដី និងភូមិសាស្រ្ត ​ ក្រុមការងារ​បាន​ធ្វើ​ការ​ប្រជុំ​វាយ​តម្លៃ​លទ្ធផល​ការងារ​គ្រប់​គ្រង​ផ្ទៃ​ដី​ និង​បញ្ហា​ប្រឈម​ នៅ​សាលាឃុំក្រយាស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​  ហើយ​បាន​ដាក់​ចេញ​នូវ​ផែនការ​បន្ត​សម្រាប់អនុវត្ត៣ចំនុច ។ក្នុងនោះមាន ​ ១/​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​នានា​ដែល​មាន​ការ​ពាក់ព័ន្ធ​ ត្រូវ​គ្រប់​គ្រង​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភ​បំពាន​កាន់​កាប់ខុសច្បាប់​ តទៅ​ទៀត​បាន​ឡើយ​។២/​សំណូមពរ​ជំនាញ​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​កាន់​កាប់​ដី​រដ្ឋខុសច្បាប់​  តាម​និតិវិធីច្បាប់​ដើម្បី​ដកហូត​ជូន​រដ្ឋវិញ​ លើកលែងតែបងប្អូនប្រជាពលរដ្ឋដែលគ្មានដីរស់នៅពិតប្រាកដ​ ដើម្បី​រៀបចំ​ជូន​គាត់​កាន់​កាប់​ស្របច្បាប់​ ។

៣/​ ប្រុង​ប្រៀប​ កិច្ចការ​លើ​គ្រប់​វិស័យ​ ដើម្បី​រៀបចំ​ប្លង់​សាងសង់​លំនៅដ្ឋាន​ ផ្លូវ​ថ្នល់​ សាលារៀន​ មន្ទីរ​ពេទ្យ​  នៅ​ពេល​ខាងមុខ​ ជូន​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​របស់​យេីង​ ដែល​ធ្លាប់​បូជា​សាច់ស្រស់​ ឈាម​ស្រស់​ រួម​ចំណែក​អនុវត្តន៍​នូវ​គោល​នយោបាយ​ឈ្នះ​ ឈ្នះ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ។

សូម​បញ្ជាក់​ជូន​ផងដែរ​ថា​ កន្លង​មក​នេះ​ថ្នាក់​ដឹក​នាំ​ខេត្ត​កំពង់ធំ​ បាន​រៀប​ចំ​គ្រោង​ទុក​ដីសម្បទាន​សង្គម​កិច្ច​សម្រាប់​ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់ធំ​ នៅតំបន់​ចំបក់​ធំ​ ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​នេះ​ មាន​ចំនួន​១៩៧៨​ ហិកតា​ តែ​បច្ចុប្បន្ន​នេះ​ មានជនមួយចំនួនបានរំលោភយកកាន់កាប់​ និង​ប្រជាជន​ដែល​ខ្វះ​ខាត​ដី​រស់នៅ​បាន​មកាន់កាប់​សាងសង់​លំនៅដ្ឋាន​ បណ្តោយឲ្យបាត់បង់ដីមួយចំនួន​ ដែល​ត្រូវ​ដោះស្រាយ​សមស្រប​

ដោយ  ប៊ុន រដ្ឋា