អាជ្ញាធរជាតិអប្សរាទទួលបានពានរង្វាន់បេតិកភណ្ឌអង្គរគ្មានផ្សែងបារីពីសម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍និងអង្គការសុខភាពពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក

0

សៀមរាប៖ ដោយកិច្ចប្រឹងប្រែងបណ្តុះបណ្តាល ផ្សព្វផ្សាយពីគ្រោះថ្នាក់សុខភាព ផលប៉ះពាល់ដល់ប្រាសាទ និងមានឆន្ទៈមុតមាំធ្វើឱ្យរមណីយដ្ឋានអង្គរក្លាយជាបរិស្ថានគ្មានផ្សែងបារីតាំងពីឆ្នាំ២០១២មក សម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍និងអង្គការសុខភាពពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានប្រគល់ពានរង្វាន់បេតិកភណ្ឌអង្គរគ្មានផ្សែងបារីដល់អាជ្ញាធរជាតិអប្សរា នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញទីក្រុងសៀមរាបជាទីក្រុងគ្មានផ្សែងបារី» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាសណ្ឋាគារអប្សរាផាលេសក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រីបណ្ឌិត ដូមីលី វីឡារេ តំណាងសម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍។

ថ្លែងទៅកាន់សិក្ខាកាមជាង១០០នាក់ មកពីគ្រប់ស្ថាប័ន្ធពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពនិងបរិស្ថានគ្មានផ្សែងបារី លោកស្រីបណ្ឌិត ដូមីលី វីឡារេ បានកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរាដែលបានថែរក្សារមណីយដ្ឋានអង្គរនិងការិយាល័យធ្វើការគ្មានផ្សែងបារី។ ការខិតខំនេះជាហេតុផលមួយដែលយើងបានផ្សព្វផ្សាយអង្គរទៅកាន់ពិភពលោក ដូចនឹងរមណីយដ្ឋាននៃបណ្តាប្រទេសជាច្រើនទៀតដែលគ្មានផ្សែងបារី ហើយពានរង្វាន់នេះ ស័ក្តិសមចំពោះកិច្ចប្រឹងប្រែងដែលអាជ្ញាធរជាតិអប្សរាបានបំពេញ និងបន្តពង្រឹងកិច្ចការលើកកម្ពស់បរិស្ថានបន្តទៀត។

ក្នុងនាមអគ្គនាយកតំណាងទទួលពានរង្វាន់ ឯកឧត្តម ហង់ ពៅ បានសម្តែងនូវសេចក្តីត្រេកអរចំពោះការផ្តល់ទំនុកចិត្តនិងកិត្តិយសដល់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់បរិស្ថានក្នុងតំបន់អង្គរគ្មានផ្សែងបារី ដែលកិច្ចការនេះសម្រេចបាន គឺបានពីការចូលរួមទាំងអស់គ្នា ទាំងសាលាខេត្តសៀមរាប មន្ទីរបរិស្ថាន ក្រសួងសុខាភិបាល អង្គរគាំពារសុខភាព និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ តាមរយៈពានរង្វាន់នេះ អាជ្ញាធរជាតិអប្សរានឹងបន្តភារកិច្ច ហើយពង្រីកតំបន់គ្មានផ្សែងបារីក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហោ សារុន ក៏បានកោតសរសើរនិងចូលរួមត្រេកអរចំពោះអាជ្ញាធរជាតិអប្សរាដែលបានធ្វើឱ្យតំបន់អង្គរដែលជាបេះដូងនៃកម្ពុជាក្លាយជាកន្លែងគ្មានផ្សែងបារី។ បន្ថែមពីនោះឯកឧត្តមក៏បានបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ខេត្តសៀមរាបនឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧នៃបរិស្ថានគ្មានផ្សែងបារីផងដែរ។ នេះជាកិត្តិយសណាស់សម្រាប់ខេត្តសៀមរាប ដែលអាចទាក់ទាញទេសចរឱ្យមកកាន់តំបន់អង្គរកាន់តែច្រើនឡើង។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានមនុស្ស៧លាននាក់បានស្លាប់រៀងរាល់ឆ្នាំ (៦លាននាក់ជក់បារី ៨៦០ពាន់នាក់ស្រូបផ្សែងបារីពីគេ)។ ក្នុងនោះ ថវិកាចំនួន១.៤ពាន់លានដុល្លារបានខាតបង់ដោយការប្រើប្រាស់ថ្នាំជក់ (ព្យាបាលជំងឺ និងស្លាប់មុនពេលកំណត់ បាត់បង់កម្លាំងពលកម្ម)។ ចំពោះទំហំនៃការខាតបង់នៅកម្ពុជា គឺមនុស្ស១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំ (ប្រហែល៣០នាក់ក្នុង១ថ្ងៃ) របាយការណ៍របស់ WHO។ ថវិកាប្រមាណ២០០លានដុល្លារខាតបង់ដោយសារការទិញបារី (NIS 2015)។ រីឯថវិកាប្រមាណ១៦២លានដុល្លារត្រូវចំណាយដើម្បីព្យាបាលជំងឺប្រាំមុខ (NCHP)៕