ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ច ប្រជុំតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្របច្ចេកទេសការអនុវត្តមុខងារដែលផ្ទេរពីក្រសួងបរិស្ថាន ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ ។
ពិធីនេះបហរព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សឹម យ៉ាវែន អនុរដ្ឋលេខា ធោការទទួលបរិស្ថាន ទទួលបន្ទុកខេត្តព្រះសីហនុ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តផងដែរ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការតាមដាន ការណែនាំអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លួវជាតិ បន្ទាប់ពីបានធ្វើប្រតិភូកម្មអោយមកថ្នាក់ក្រោមជាតិ។
បើយោងអនុក្រឹត្យ១១៣ អន ក្រ បក ការងារគ្រប់គ្រងសំណល់រឹង(សំរាម)ត្រូវបានប្រគល់អោយរដ្ឋបាលក្រុង ស្រុក ជាអ្នកចាត់ចែង ក្នុងនោះអាជ្ញាធរខេត្តត្រូវជួយសម្របសម្រួល និងគាំទ្រដើម្បីប្រមូលសំរាមចេញបានទាន់ពេលវេលាសំដៅធ្វើអោយទីក្រុងមានសោភណ្ឌភាពបរិស្ថានល្អ។
លោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានធ្វើប្រតិភូកម្មមកឱ្យថ្នាក់ក្រុង ស្រុក ជាអ្នកអនុវត្តការប្រមូលសំរាមចេញពីទីប្រជុំជន ដើម្បីធានាបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់សោភ័ណភាពទី ក្រុង ទីប្រជុំជនក្រុង ស្រុក និងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដខេត្តព្រះសីហនុ។
លោក ចាយ សាមិត្ត ផ្តល់អនុសាសន៍ថាសំរាមនឹងលែងជាបញ្ហាចោទ ប្រសិនណាក្រុមហ៊ុនប្រមូលសំរាមចេញពីទីប្រជុំជនបានទាន់ពេលវេលា ហើយពលរដ្ឋទាំងអស់ចូលរួមវិចខ្ចប់ទុកដាក់អោយបានល្អ៕





































