ភ្នំពេញ៖ បុរសពាក់ផ្កាយ៣យោធាម្នាក់ រួមនិងបក្ខពួក មានប្រុស មានស្រីជាង១០នាក់ទៀតចូលផឹកស៊ីនៅភោជនីយដ្ឋាន«បឹងមាស» ដល់ពេលវគ្គស្រវឹងតណ្ហាពុះកញ្រ្ជោល ក៏បានបបួលនារីជាអ្នកចម្រៀងទៅគេងជាមួយ តែនាងមិនព្រម ក៏ខឹងទះ នាង៣កំភ្លៀង រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន« បឹងមាស» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។នារីរងគ្រោះមានឈ្មោះ យ-ស-ព អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់ព្រែកលៀប ។ ចំណែកជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះបានគេចខ្លួនបាត់។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុរូបនាងបានឃើញបុរសម្នាក់ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿងចូលមកផឹកស៊ីនៅភោជនីយដ្ឋានដែលនាងធ្វើការ ។
ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ ខណះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីរយោធានោះ បានហៅអ្នកចំរៀងចំនួន៤នាក់ រួមទាំងរូបនាងផងដែរ កំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរ នៅខាងក្រោមស្រាប់តែកំពុងតែរាំជនដៃដល់
នោះ បានមកនិយាយជាមួយរូបនាងថានៅផឹកស៊ីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះបានមកលួងលោមនាង និងបបួលនាងទៅដេក តែនាងឆ្លើយវិញថារូបនាងលក់តែសម្លេងទេ មិនលក់ខ្លួនឡើយ។ ដោយឮសម្តីនាងនិយាយបែបនេះធ្វើឲ្យជនដៃដល់ខឹងបានទះកំភ្លៀងមកលើរូបនាងចំនួន៣កំភ្លៀង បន្ទាប់មកក៏ ប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងហេតុ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនផងដែរ។
បន្ទាប់ពីកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកឃាត់ខ្លួនជនដៃដល់ដែលអួតខ្លួនជាមន្រ្តីយោធាផ្កា៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ជ្រោយពេជ្រ




































