បង បូរ. ប៉ោយប៉ែត: ខេត្តបន្ទាយមានជ័យះ..ការផ្សព្វផ្សាយពីការបង្កាពន្លត់អគ្គីភ័យមិនសូវទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋបើទោះបីជាគ្រោះថ្នាក់មានច្រើន ហើយធ្ងន់ធ្ងរយ៉ាងណាក្តីក្នុងនោះមូលហេតុឆ្លងចរន្តអគ្គីសនីច្រើនជាងគេនេះបើតាមមន្ត្រីអាជ្ញាធរខេត្តនិងមន្ត្រីនគរបាលថ្លែងក្នុងទិវាជាតិបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ ២២កុម្ភ: ដែលធ្វើនៅបរិវេណទីធ្លាសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ខែកុម្ភ: ឆ្នាំ២០១៩នេះ ។
លោកវរសេនីយ៍ ប៊ុន ផេង ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ បង្កាពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាឥឡូវនេះកម្លាំងនគរបាលពន្លត់អគ្គីភ័យមួយ ស្ថានីយ៍ត្រៀមអន្តរាគមន៍នៅស្នងការដ្ឋានមាន៣ក្រុម មានរថយន្តពន្លត់អគ្គីភ័យ២គ្រឿង និង មានស្ថានីយ៍រង៩ នៅស្រុកក្រុងទាំង៩ ដែលមានរថយន្តចំនួន១០គ្រឿងនេះមិនគិតរថយន្តពន្លត់អគ្គីភ័យ៩គ្រឿងផ្សេងទៀតរបស់ឯកជននៅក្រុងប៉ោយប៉ែតផងទេ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាការរងគ្រោះដោយអគ្គីភ័យក្នុងឆ្នាំ២០១៨ មាន៣៧លើកគឺកើនឡើង៥លើកបើប្រៀបធៀបនឹងឆ្នាំ២០១៧អគ្គីភ័យបានបំផ្លាញទ្រព្យសម្បត្តិអស់គិតជាប្រាក់រាប់សែនដុល្លាឯណោះរីឯមូលហេតុនៃគ្រោះអគ្គីភ័យនោះ មានឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង មាន២២ករណី និងក្រៅពីនោះមកពីអុជទៀនធូប រាលភ្លើងចង្ក្រាន ផ្ទុះដែកកេះ រថយន្តបុកគ្នា ផ្ទេរសាំង មនុស្សឆ្កួតដុតនិងខ្លះទៀតមិនដឹងមូលហេតុ ឯប្រតិបត្តិការវិញ គឺចេញអន្តរាគមន៍ពន្លត់ សង្គ្រោះបាន២៥លើក បានចាត់តាំងគ្រូបង្គោលដើម្បីបង្រៀនបើកបររថយន្ត វិធីប្រើរថយន្តពន្លត់ ប្រព័ន្ធបូម បាញ់ទឹកនិងបច្ចេកទេសពន្លត់ដល់ស្រុកក្រុងបានផ្សព្វផ្សាយអប់រំបង្ការ ពន្លត់ សង្គ្រោះនិងកិច្ចសហការ អន្តរាគមន៍នានា។ លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមាន
ប្រសាសន៍ថាទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ច និងជីវភាពគ្រួសារពលរដ្ឋនោះ កត្តាដែលខូចខាតអន្តរាយទៅវិញក៏មានច្រើនទាំងដោយគ្រោះធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ ជម្ងឺ ផ្សេងៗរួមទាំងអគ្គិភ័យនេះផងដែរ ។ហេតុនេះទាំងមន្ត្រីអាជ្ញាធរ ទាំងមន្ត្រីនគរបាលឬផ្នែកជំនាញពាក់ព័ន្ធសូមមេត្តាបង្កើនការផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ អន្តរាគមន៍ ពន្លត់និងសង្គ្រោះឲ្យបានប្រសិទ្ធភាព ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាខ្លឹមសារពីទិវានេះ និងការបង្ហាញការអនុវត្តជាក់ស្តែងស្តីពីការបង្ការ ពន្លត់អគ្គីភ័យបង្កពីហ្គាសនេះ បានជួយឲ្យកូនចៅអ្នកស្រុក ពិសេសស្ត្រីមេផ្ទះដែលសព្វថ្ងៃភាគច្រើនប្រើប្រាស់ហ្គាសចំអិនម្ហូបអាហារនោះ អាចបង្ការ ការពារ ពន្លត់ខ្លួនឯងបាន បើសិនជាមានធ្លាយហ្គាស៕




































