អភិបាល​ខេត្តកំពង់ចាម​ ជំរុញ​ដល់​អភិបាល​ស្រុក​កោះសូទិន​ ទេីប​ចូល​កាន់​មុខ​តំណែង​ ​ត្រូវ​ខិតខំ​​អនុវត្ត​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធា​រណៈ

0

កំពង់ចាម​:​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​អភិបាល​ស្រុក​កោះសូទិន​ ត្រូវ​​ខិតខំ​​អនុវត្ត​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធា​រណៈ ក្នុងការបង្ខិតសេវា​ឲ្យ​នៅជិតកៀកនឹងប្រជាពលរដ្ឋ ការ​ថ្លែង​បែប​នេះ​ ខណៈ​ដែល​ឯកឧត្ដម​​​បាន​អញ្ជើញ​ជា​គណៈអធិបតី​​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាលា​ស្រុក​កោះសូទិន​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ លោក​ស្រី​ អភិបាល​រង​ខេត្ត​ មន្ទីរអង្គភាព​ជុំវិញ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ស្រុក​​ ជាច្រើន​រូប​ផង​ដែរ​។

​ដោយ​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​នេះ​ គឺ​​លោក​ យី​ វណ្ណៈ​ មក​ពី​អភិបាល​រង​ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន​ ជំនួស​លោក​ ផេន​ សុផល​ ដែលត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់មុខ​តំណែង​ជា​អភិបាល​ស្រុក​បាធាយ​វិញ​ ។

ថ្លែង​ក្នុង​ពិធី​នោះ​ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ការ​ផ្លាស់​ប្ដូរ​ និង​ការ​តែងតាំង​មុខ​តំណែងថ្មី​នេះ​ គឺ​ជា​ភាព​ចាំបាច់​មួយ​ ហើយ​ក៏​ជា​ការ​បន្ត​និរន្តរភាព​រដ្ឋបាល​ ស្រប​ទៅ​តាម​ច្បាប់​ របស់​ក្រុម​ព្រឹក្សា​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​​រាជធានី​ ខេត្ត​ ​ពោលគឺ​មិន​មែន​ដោយ​សារ​បញ្ហា​ប្រឈម​ ដែល​ត្រូវ​ផ្លាស់ប្ដូរ​នោះ​ទេ​។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​លើក​ឡើង​ផង​ដែរ​ថា​ កាល​ពី​មុនយេីង​អាច​ធ្វើការ​នៅ​កន្លែង​ណា​ ​អស់​មួយ​ជីវិត​ក៏​បាន​ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​គ្រប់គ្រង​ក្រុម​ព្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខ័ណ្ឌ​ គឺត្រូវ​បាន​កំណត់​សម្រាប់​គណៈ​អភិបាល​ ដែល​ម្នាក់​ៗ​ត្រូវ​មាន​អាណត្តិ​៤ឆ្នាំ​ ប៉ុន្តែ​បើ​ផ្អែក​លើ​ការ​បំពេញ​ភារកិច្ច​បាន​ល្អ​ រាជរដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ​ អាច​នឹង​បន្ត​អាណត្តិ​ទី២ឲ្យ​គាត់​ជា​បន្ត​ទៀត​ ដោយ​​ផ្តេីម​ចេញ​ពី​ច្បាប់​នេះ​ហើយ​ ដែល​យើងបាន​ឃើញ​ថា​មន្ត្រី​របស់​យើង​​ ពិសេស​នៅ​ក្នុង​គណៈ​អភិបាល​ ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បេី​ត្រូវនៅ​បន្ត​អាណត្តិ​ទៀត​នោះ ក៏​ត្រូវ​មាន​ការ​ប្រកាស​​តែងតាំង​ឲ្យ​កាន់កាប់​​អាណត្តិទី២​របស់​ខ្លួន៤ឆ្នាំ​​​បន្ត​ទៀត​ ទាំង​នេះ​ដែល​ជា​ច្បាប់​យើង​មិន​អាច​ធ្វើ​ផ្ទុយ​បាន​ឡើយ​។

ជាមួយគ្នានោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​ជំរុញ​ដល់​ លោក​អភិបាល​ស្រុក​កោះសូទិន​ ដែល​ទើប​តែ​ទទួល​ចូល​កាន់​មុខ​តំណែង​ថ្មី​នេះ​ គឺ​ត្រូវ​ខិតខំ​​អនុវត្ត​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធា​រណៈ ក្នុងការបង្ខិតសេវា​ឲ្យ​នៅ​ជិត​កៀក​នឹងប្រជាពលរដ្ឋ គឺ​ត្រូវ​អនុវត្តនូវចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អ ដេីម្បី​ផ្តល់សេវាសាធារណៈ​ឲ្យ​មាន ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ផ្តល់ភាពងាយស្រួល បានឆាប់រហ័ស ដល់ខ្នងផ្ទះដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់​ប្រជាពលរដ្ឋ​ ផងដែរ​ ៕