អភិបាលខេត្តមណ្ឌលគិរីកោះហៅមន្ត្រីពាក់ ព័ន្ធប្រជុំបន្ទាន់ករណីដីតំបន់ភ្នំដោះក្រមុំ

0

មណ្ឌលគិរី៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានកោះហៅមន្ត្រីពាក់ព័ន្ធអស់ក្នុងខេត្តប្រជុំបន្ទាន់ដើម្បីដោះស្រាយក្នុងករណីភ្នំ ដោះក្រមុំដែលត្រូវបានគេរំលោភបំពាន ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានលើកឡើងថា ទីតាំងភ្នំដោះក្រមុំមិនត្រូវបានគេរំលោភបំពាននោះឡើយ បន្ទាប់ពីអាជ្ញាធរខេត្តក៏បានធ្វើកិច្ចការនេះ និងបានដោះស្រាយជាមួយប្រជាពលរដ្ឋរួចរាល់ហើយដែរ នូវទំហំដីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំបច្ចុប្បន្ននៅមានទំហំជាង៨៥ហិកតា ហើយតួលេខនេះនឹងមិនប្រឈមជាមួយការបាត់បង់ទៀតនោះឡើយ ដោយអ្នកដែលពាក់ព័ន្ធក្នុងការរំលោភបំពានដីនេះ នឹងត្រូវដកហូតមកវិញទាំងអស់ ។
ឯកឧត្ដមបញ្ជាក់ថា តំបន់ភ្នំដោះក្រមុំនេះមិនមានបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋទៀតទេ តែប្រឈមត្រង់ចំណុចដីដែលរាជរដ្ឋាភិបាល បានចេញ ស.ជ.ណ កាត់ដីក្នុងតំបន់នេះទំហំ២ហិកតាសម្រាប់ធ្វើស្ថានីយទឹកស្អាត ដែលធ្វើឲ្យជនជាតិដើមភាគតិចលើកឡើងថាប៉ះដល់សោភ័ណ្ឌភាពតំបន់ភ្នំដោះក្រមុំ ដែលជារមណីយដ្ឋានទេសចរណ៍ ។

កិច្ចប្រជុំនេះមានកាចូលរួមមន្ត្រីជំនាញពាក់ ព័ន្ធ រួមនិងសហគមន៍ជនជាតិដើមភាគតិចក៏បានឯកភាពគ្នា នឹងកាត់បន្ថយទំហំស្ថានីយទឹកស្អាតឲ្យនៅកម្រិតទាបដែលអាចទទួល យកបាន ។

ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានបញ្ជាឲ្យអង្គភាពពាក់ព័ន្ធ ឲ្យចុះបោះបង្គោលព្រំហ៊ុំព័ទ្ធដីមឈ្ឈមណ្ឌលវប្បធម៌ភ្នំក្រមុំនេះ នឹងធ្វើឲ្យបានឆាប់រហ័សបំផុត ដើម្បីធានារក្សាដីវប្បធម៌ជនជាតិដើមភាគតិចនេះមិនឲ្យបាត់បង់នោះទេ ។

លោក គ្រើង តុលា តំណាងប្រជាជនជនជាតិដើមភាគតិចបានលើកឡើងថា ការសម្រេចរបស់អាជ្ញាធរពេលនេះ គឺពិតជាបានផ្តល់ផលប្រយោជន៏ជាច្រើនដល់បងប្អូនជនជាតិដើមដែលជាម្ចាស់ស្រុក និងបានបម្រើដល់វិស័យទេសចរណ៏៍ផងដែរ ៕