សាច់សត្វព្រៃនៅតែដាក់លក់យ៉ាងចំហក្នុងផ្សារខេត្តស្ទឹងត្រែង

0

ម៉េង គាំង: ខេត្តស្ទឹងត្រែង ៖ ការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ តាមតំបន់ព្រៃការពារនានាក្នុងខេត្តស្ទឹងត្រែងដើម្បីយកសាច់ធ្វើអាជីវកម្មនៅតែកើតមានជាបន្តបន្ទាប់ឥតឈប់ឈរ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ គេឃើញមានឈ្មួញដាក់តាំងលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងជាច្រើនកន្លែងដោយបើកចំហ។

ការបណ្តែតបណ្តោយឲ្យឈ្មួញដាក់លក់សាច់សត្វព្រៃដោយសេរី ត្រូវបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនធ្វើការរិះគន់ ទៅលើជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ជាពិសេសប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែងថា ហាក់គ្មានសមត្ថភាពក្នុងការចាត់វិធានការទប់ស្កាត់ និងចាប់បង្ក្រាបឈ្មួញទាំងនោះឲ្យមានប្រសិទ្ធិភាព។

ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងបាននិយាយថា ពួកអាជីវករលក់សាច់សត្វព្រៃទាំងនោះ បានដាក់លក់ជាច្រើនឆ្នាំមកហើយ និងមានមុខអ្នកលក់ដដែលៗ។

ពួកគាត់សំដែងការសាទរចំពោះប្រតិបត្តិការទៅលើក្រុមឈ្មួញលក់សាច់សត្វព្រៃនាពេលកន្លងមក ប៉ុន្តែការបង្ក្រាបនោះហាក់ស្ថិតក្នុងកម្រិតមួយទន់ខ្សោយនៅឡើយ។

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តស្ទឹងត្រែងមួយរូប បានមានប្រសាសន៍ថា ពេលគាត់ធ្វើដំណើរតាមផ្លូវខាងក្រោយផ្សារសាមគ្គីស្ទឹងត្រែង គាត់មានការភ្ញាក់ផ្អើល ដែលឃើញមានគេដាក់តាំងលក់សាច់សត្វព្រៃជាច្រើនប្រភេទនៅតាមទីសាធារណៈបែបនេះ។ គាត់បានរិះគន់ទៅលើការបណ្តែតបណ្តោយឲ្យមានក្រុមឈ្មួញដាក់លក់យ៉ាងព្រោងព្រាត ព្រោះវាជាគំរូដ៏អាក្រក់ និងជាចេតនាមួយជួយជំរុញដល់ក្រុមបរបាញ់សត្វ ឲ្យបង្កើនការសម្លាប់សត្វព្រៃបន្ថែមទៀតដើម្បីយកសាច់លក់ ដោយសារមានទីផ្សារចាំទទួលទិញលក់បន្តមិនចេះខ្វះ។ ម្យ៉ាងទៀតខេត្តស្ទឹងត្រែងជាខេត្តគោលដៅទេសចរមួយដែលមានវត្តមានភ្ញៀវទេសចរបរទេសឆ្លងកាត់ ដូច្នេះប្រសិនបើជនបរទេសថតយករូបភាពការដាក់លក់សាច់សត្វព្រៃទៅផ្សព្វផ្សាយ វាពិតជាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិយើង ព្រោះសត្វព្រៃកំពុងត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ថែរក្សានិងការពារ។

លោក សេង លៀង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ចំពោះក្រុមឈ្មួញលក់សាច់សត្វព្រៃ មន្ទីរបានចាត់វិធានការណ៍ច្រើនលើករួចមកហើយ ដោយអ្នកលក់ទាំងនោះនៅពេលមន្ត្រីរដ្ឋបាលព្រៃឈើចុះបង្ក្រាបនាំគ្នារត់គេចខ្លួនអស់ ហើយពេលស្ងប់ស្ងាត់បន្តិចមកបន្តដាក់លក់ដដែល។ លោកថា មន្ទីរនឹងចាត់វិធានការណ៍បន្ថែមទៀត ដោយព្យាយាមចាប់ខ្លួនជនទាំងនោះបញ្ជូនទៅតុលាការ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ក៏ដូចជាភ្ញៀវទេសចរខាងលើ បានធ្វើការសំណូមពរដល់លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងដែលមានសិទ្ធបញ្ជានូវរាល់នគរបាលយុត្តិធម៌គ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង សូមដាក់ចេញនូវវិធានការក្តៅណាមួយចំពោះក្រុមឈ្មួញទិញ និងលក់សាច់សត្វព្រៃឲ្យមានប្រសិទ្ធិភាព និងដូចភ្លៀងរលឹម ដើម្បីសំដៅថែរក្សា និងការពារសត្វព្រៃដែលនៅសេសសល់ចុងក្រោយឲ្យបានគង់វង្ស៕