ប៉ៃលិន: កំពង់ចាម: នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាកចេញពីដំណេកទាំងយប់អាធ្រាត្រ ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោយមិនគិតថាពេលយប់ឬក៏ថ្ងៃនោះទេ ខណៈដែលពលរដ្ឋជួបគ្រោះអាសន្ន ។
ជាក់ស្ដែងនៅវេលាម៉ោង៣និង៥០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃ នៅវត្តកោះរកាក្រៅ ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈដែលព្រះសង្ឃ កំពុងតែសឹងក្នុងកុដិនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋជុំវិញវត្ត ហើយក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ យ៉ាងសស្រាក់សស្រាំផងដែរ។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៣គ្រឿង ស្រុកកព្រៃឈរ០១គ្រឿង ស្រុកកងមាស០១គ្រឿង និងស្រុក
កំពង់សៀម០១គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន០៩ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង៦ព្រឹក ថ្ងៃដដែលនេះ ដោយមិនបណ្ដោយឲ្យឆាបឆេះ រាលដាលទៅលំនៅឋានប្រជាពលរដ្ឋ និងបានទុបស្កាត់មិនឲ្យឆាបឆះ ប្រេងម៉ាស៊ុត ចំនួន៥០កានផងដែរ។
លោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា បេីតាមការសន្និដ្ឋានជំហានដំបូង ចំពោះករណីអគ្គីភ័យនេះ គឺអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយករណីនេះបណ្ដាលឲ្យខូចខាតទាំងស្រុងកុដិ ទំហំ៨x៩ម៉ែត្រ ដំបូលប្រក់គ្បឿង ជញ្ជាំងក្តារ មី៥០កេស អង្ករ៣៥បាវ ភេស្ជជះ២០កេស និងសំភារៈផ្សេងៗមួយចំនួនទៀត តែមិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
គួរកត់ម្គាល់ផងដែរថា នេះជាលើកទី២ហេីយ សម្រាប់ខេត្តកំពង់ចាម ដែលបានទទួលរងគ្រោះដោយអគ្គីភ័យ និងបានឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាម អស់ ចំនួន១៦ខ្នងផ្ទះ នៅក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ។
នាឱកាសដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ករណីខាងលើ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការប្រុងប្រយ័ត្ន ចំពោះ បញ្ហាអគ្គិសនីនេះ ពីព្រោះថា បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួត និងការខ្វះខាតទឹកប្រើប្រាស់។ ដូច្នេះ បងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បី បញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើ ។ ផ្ទុយទៅវិញ បើមានដូចករណីនេះមែន បងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមក ៕




































