អាជ្ញាធរខេត្តព្រះវិហារ បានជម្រុញសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

0

ដោយ៖ឡុង សំបូរ ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹក និងជម្រុញដល់មន្ត្រីអនុវត្តច្បាប់ នៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបន្តចុះទប់ស្កាត់ និងបង្ក្រាបការកាប់ឈើ ការបើកកន្លែងកែងច្នៃឈើខុសច្បាប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋរបស់ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រសាសន៍នេះ គឺនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៥កុម្ភះម្សិលមិញ ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ផងដែរ ។
នៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនោះទៀត ត្រូវគេឃើញ តំណាងអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បានឡើងរាយការណ៍ អំពី សកម្មភាពការងារ និងសភាពការរួមដែលបានអនុវត្ត និងបានកើតឡើង ក្នុងរយះពេលកន្លងមក ជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានជ្រាប។
ក្រោយស្តាប់របាយការណ៍រួច អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានមានប្រាសន៍ កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដែលបានអនុវត្តតួនាទី និងភារកិច្ចបានល្អ ក្នុងស្មារតីខិតខំប្រឹងប្រែងរួមគ្នា ចុះទប់ស្កាត់ និងធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងនេះ ដើម្បីពង្រឹងស្មារតីស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ ឲ្យនៅគង់វង្សនោះ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាពិសេស មន្ត្រីបរិស្ថាន ឧទ្យានុរក្ស មន្ត្រីព្រៃឈើ ត្រូវរួមគ្នាបន្តចុះទប់ស្កាត់ ការកាប់ផ្តួលដើមឈើ ការកាប់រុករានទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធ ត្រូវបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាត ពិសេស រោងសិប្បកម្មដែលបង្កើតឡើងក្បែរ ដែនជម្រកសត្វព្រៃ និងដែនព្រៃអភិរក្ស នោះតែម្តង។ ចំពោះរោងសិប្បកម្មដែលមានច្បាប់នោះវិញ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីប្រភព នៃការកាប់ និងដឹកជញ្ជូនឈើ ថាតើឈើទាំងនោះយកមកពីទីកន្លែងណា? ពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឬ ដីសង្គមកិច្ចណា? មានលិខិតអនុញ្ញាត «ប៉េសេ»ដែរឬទេ?។ លោកអភិបាលខេត្ត បានព្រមានដល់អាជ្ញាធរ ភូមិ ឃុំ.សង្កាត់ មិនត្រូវចេញលិខិតបញ្ជាក់ លើការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាដាច់ខាត បើទោះបីស្ថិតក្នុងពេលវេលាណាក៏ដោយ ហើយបញ្ហាទាំងអស់នេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះទៅឲ្យបាន។ លោក អ៊ុន ចាន់ដា បានស្នើដល់កងកម្លាំងការពារដែនសីមាខ្មែរ ត្រូវបន្តរក្សាទំនាក់ទំនងជាមិត្តភាព និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្លាំងភាគីថៃ និងឡាវឲ្យបានរឹងមាំ ដើម្បីធ្វើឲ្យព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា ៕