អភិបាលខេត្ត​កំពង់ចាម​ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសត្វចិញ្ចឹមខាំ​ សូមទៅទទួលវ៉ាក់ការពារ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

0

កំពង់ចាម​:​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារសត្វចិញ្ចឹមខាំ ជាពិសេស សត្វឆ្កែ ឆ្មា ជាដើម សូមទៅទទួលវ៉ាក់ការពារ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ការអំពាវនាវនេះ ធ្វើឡើង ខណៈដែលឯកឧត្ដម អញ្ជើញទៅពិនិត្យ មើលទីតាំងមជ្ឈមណ្ឌល​បង្ការជម្ងឺឆ្កែឆ្កួត​ ដែលរៀបចំដោយ​ក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយមន្ទីរពេទ្យ ខេត្តកំពង់ចាម ដើម្បី ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចាប់ពីថ្ងៃទី០៧ មីនា នេះ តទៅ ​ក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចុះបេសកកម្មផ្ដល់សេវាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅឯក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ដូច្នេះ បើបងប្អូនណាម្នាក់ ដែលរងរបួសដោយសារបញ្ហា សត្វខាំ ឬខ្វាច ដូចករណីខាងលើ សូមប្រញាប់ប្រញ៉ាល ទៅកាន់មន្ទីរពេទ្យខាងលើ ដើម្បី ឲ្យគ្រូពេទ្យជំនាញ បានពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំងបង្ការ ទាន់ពេលវេលា ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ វ៉ាក់សាំងនេះ បានផ្ដល់អាទិភាព ចំពោះ តែប្រជាពលរដ្ឋណា ដែលរងរបួសដោយសារឆ្កែខាំ ឆ្មាខាំ ខ្វាច ឬក្រញ៉ៅ តែប៉ុណ្ណោះ ។ ដោយឡែក ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនូវក្ដីបារម្ភ និងក្ដីរំជើបរំជួល ទៅលើករណីជម្ងឺឆ្កែឆ្កួត ហើយបានស្នើសុំឲ្យអាជ្ញាធរខេត្តពង្រីក មជ្ឈមណ្ឌលផ្ដល់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត ទៅដល់មូលដ្ឋានផ្ទាល់នោះ គឺពុំអាចធ្វើទៅបាននោះទេ ពីព្រោះថា គ្រាន់តែការស្នើសុំឲ្យមាន ជាមជ្ឈមណ្ឌល ១កន្លែង នេះឡើង យើងមានការលំបាក រួចជាស្រេចទៅហើយ ។ អញ្ចឹងទេ ពេលនេះ យើងមានទីកន្លែងច្បាស់លាស់ហើយ សូមបងប្អូនមកប្រើប្រាស់សេវានេះ ឲ្យបានគ្រប់ៗគ្នា ។
នាឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានជម្រុញឲ្យក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យខេត្តកំពង់ចាម ចូលរួមសហការ​ និងសម្របសម្រួល ដើម្បី ផ្ដល់នូវភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមកប្រើប្រាស់សេវានៅទីនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
បើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត លី សុវត្ថិ ផ្នែក អេពីដេមីសាស្ត្រ និងសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងថា បេសកកម្ម របស់មជ្ឈមណ្ឌល​បង្ការជម្ងឺឆ្កែឆ្កួត គឺធ្វើឡើង សម្រាប់តែអ្នកទទួលរងរបួស ដោយសារសត្វខាំ ដូចជា ឆ្កែខាំ ឆ្មាខាំ ឬខ្វាច ប៉ុណ្ណោះ ពោលគឺ អ្នកដែលមកទទួលថ្នាំបង្ការនេះ ពុំមែនជាអ្នកជម្ងឺឆ្កែឆ្កួតឡើយ ។ ជាមួយនោះ បើបងប្អូនបានរងរបួសដោយសត្វខាំ ឬខ្វាច ហើយនោះ សូមមកទទួលថ្នាំចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត ឲ្យបានទាន់ពេលវេលា ពីព្រោះថា នៅពេលមេរោគឆ្កែឆ្កួត ចូលទៅក្នុងរាង្គកាយហើយនោះ វានឹងឲ្យយើងគ្រោះថ្នាក់ដល់អាយុជីវិតបាន ។​ លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា វាក់សាំងការពារជម្ងឺសត្វឆ្កែឆ្កួតនេះ គឺធ្វើឡើង ចំនួន ៣លើក និងត្រូវចំណាយថវិកា សរុបចំនួន ១៥ដុល្លារ​ ប៉ុណ្ណោះ ៕