បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀម​សម្ពាធអគារចំនួន១០ខ្នងតម្លៃជាង ៤០ម៉ឺនដុល្លា

0

កំពង់ធំ​៖ មុនពេលឈានដល់បើកពិធី សម្ពាធអគារចំនួន១០ខ្នង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ ដើម្បីបែងចែកភារកិច្ច ទទួលខុសត្រូវជូនដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីឲ្យដំណើរការ កម្មវិធីប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ។

អគារចំនួន១០ខ្នងដែលមានទឹកប្រាក់ តម្លៃជាង ៤០ម៉ឺនដុល្លា ត្រូវបានត្រៀម  សម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ ដែលបានសាងសង់នៅតាមបណ្តាផ្នែកសឹករង ស្រុក ក្រុង ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

អគារដែលបានសាងសង់នៅតាមបណ្តាផ្នែកសឹករង ស្រុក ក្រុង ក្នុងខេត្តកំពង់ធំ ចំនួន១០ខ្នង សម្រាប់បំម្រើ ការងារយោធា ដែលជាជំនួយរបស់បញ្ជាការដ្ឋានយោធាក្រុងហូជីមិញ នៃយោធភូមិភាគទី៧ បានផ្ដល់ជូន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមសំណូមពរ របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។

អគារទាំង១០ខ្នងនេះ បានសាងសង់ ដែលក្នុងមួយខ្នងៗ មានទំហំ ១៩៤ម៉ែត្រការ៉េ សាងសង់ពីបេតុង ប្រក់ក្បឿងថៃ ផ្ដល់ជូន ផ្នែកសឹករងក្រុង ស្រុក ទាំង៨ និងវរសេនាតូចទាំង២ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ជាទីបញ្ជាការចាត់ចែងការងារ និងជាកន្លែងស្នាក់នៅរបស់បងប្អូនយោធិនផងដែរ។

ឯ.ឧ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយកិតិបណ្ឌិត ជាចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិមានការរីកចម្រើនគួរជាទីមោទនៈ និងបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះកិច្ចសហការជាមួយកងទ័ពនៃប្រទេសជិតខាង  ហើយខិតខំថែរក្សាអគារទាំងនេះឲ្យបានល្អ ទុកជាសម្បត្តិរបស់អង្គភាពតទៅ  ។

ដោយ ប៊ុន រដ្ឋា