ព្រះវិហារ: ប្រសាសន៍ក្រើនរំលឹក របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងគ្រាដែលសម្តេច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះ ទស្សនកិច្ច ច្រកតំបនអានសេះ និងប្រាសាទព្រះវិហារ ព្រមទាំងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញភារៈកិច្ចការពារជាតិមាតុភូមិ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៅក្នុងទិសទី១ ប្រាសាទព្រះវិហារ និងដើម្បីត្រៀមទទួលអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។
ក្រោមការគោរព្ធបដិសណ្ឋាកិច្ចពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហីុង ប៊ុនហៀង អគ្គមេបព្ជាាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តព្រះវិហារ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌឹត ហីុង ប៊ុនហៀង អគ្គមេបព្ជាាការរងកងយោធពលខេមរភូមិន្ទបានឡើងរាយការណ៍សង្ខេប អំពីសភាពការណ៍ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថានៅគ្រាបច្ចុប្បន្ននេះ គឺគ្មានអ្វីដែលកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់វិញនោះ គឺស្ថានភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍជឿនលឿន ហើយសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានគិតគូ និងទំនុកបម្រុងជានិច្ច ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារៈកិច្ចឈរជើងការពារទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ។
ដូច្នេះកងទ័ពទាំងអស់ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ការពារសុខសន្តិភាព បូរណភាពទឹកដី និងការពារជាតិ សាសនា ព្រះមហាក្សត្រ មិនឲ្យជនអគតិ ឬពួកប្រឆាំងធ្វើការប្រឆាំង ឬធ្វើបដិវត្តពណ៌គ្រប់រូបភាព ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានជាដាច់ខាត។
មានប្រសាសន៍ទៅកាន់ នាយ ពលទាហាន សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើដំណើរទស្សនកិច្ច ដ៏វែងឆ្ងាយរបស់គណៈប្រតិភូនេះ គឺដើម្បីចង់ដឹងពីស្ថានភាពព្រំដែន និងជួបសួរសុខទុក្ខ ដល់កងកម្លាំងដែលកំពុងឈរជើង ការពារជាតិមាតុភូមិ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
បន្ថែមពីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ក្រើនរំលឹក និងជម្រុញបន្ថែមដល់«កងកម្លាំងទាំង៣ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមឲ្យបានយ៉ាងសកម្មថែមទៀត ក្នុងការជួយថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គម។ ក្រៅពីនោះគឺត្រូវធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។កុំធ្វើអ្វីដែលប្រជាជនមានការថ្នាំងថ្នាក់ បាក់ទឹកចិត្ត និងការបាត់បង់ជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលឲ្យសោះ»។
ពិសេសត្រូវចងចាំប្រសាសន៍១០ចំណុច ដ៏មានសារៈសំខាន់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងថ្ងៃប្រារព្ធខួបកំណើត កងយោធពលខេមរៈភូមិន្ទ នាពេលកន្លងមកនេះឲ្យបាន។ជាចុងក្រោយ សម្តេចពិជ័យ ក៏បានថ្លែងការកោតសរសើរ ដល់ស្មារតីកងកម្លាំងទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច លើកិច្ចការងារនានា ដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារការពារបូរណភាពទឹកដី នៅតាមព្រំដែនបានយ៉ាងល្អប្រសើរ៕សួនលីណា




































