កំពង់ចាម: ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ”លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដែលពិធីនេះបានប្រព្រឹត្តឡេីង ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ដោយមានអqញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំអង្គភាពនានា និងលោកស្រីជាភរិយា លោកអធិការស្រុកក្រុងទាំង១០ និងមន្រ្តីនគរបាលនារីចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន២៥០នាក់ ។
បន្ទាប់ពីលោកស្រីវរសេនីយ៍ឯក ហេង ដាឡែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឡើងអានសុន្ទរកថាស្វាគមន៍ រួចមកលោកស្រីឧត្តមសេនីយ៍ត្រី អៀម វណ្ណី ស្នងការរងផែនការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងអានព្រះរាជសារសម្តេចព្រះមហាក្សត្រីយ៍” នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល”។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសម្តែងការកោតសរសើរចំពោះកងកម្លាំងនគរបាលនារីទាំងអស់ ដែលកន្លងមក បានចូលរួមចំណែកក្នុង កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធាណៈ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនោះក៏នៅមានកិច្ចការជំនាញច្រើនទៀត ដែលនគរបាលនារីបានចូលរួមយ៉ាងសកម្ម សហការជាមួយបុរស សម្រេចបានលទ្ធផល និងស្នាដៃលេចធ្លោជាច្រើនរួមទាំងការចូលរួមក្នុងកិច្ចការពារសន្តិសុខ ជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ឥស្សរៈជនជាន់ខ្ពស់ និងពិធីផ្សេងៗទៀត ក៏មាននគរបាលនារីចូលរួមចំណែកផងដែរ។ 
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញេីដល់នគរបាលនារីទាំងអស់ ឲ្យខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍សមត្ថិភាព លើកកំពស់សីលធម៌ វប្បធម៌ អហឹង្សា នៅក្នុងគ្រួសារ អង្គភាព និងសង្គមដោយចូលរួមក្នុង ចលនាអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយដល់បងប្អូនកូនចៅប្រជាពលរដ្ឋឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការប្រព្រឹត្តអំពើហឹង្សា ដោយប្រកាន់យកនូវសីលធ៌ម សុជីវធ៌ម និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត ផងដែរ ៕





































