កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រារព្ធពិធី ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ក្រោមប្រធានបទសមាសភាព យេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍វិវឌ្ឍន៍ធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលជាសមាភាពនារី ចូលរួម យ៉ាងអធឹកអធ័ម នារសៀលថ្ងៃទី ៨ ខែ មិនា ឆ្នាំ២០១៩។
បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ គណៈអធិបតី និងបងប្អូននារី ជាកងកម្លាំង នគរបាលជាតិ ចំណីអោយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានចូលរួម ជាង ៣០០នាក់ ។
លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តិថ្លៃថ្នូរ និងសុភមង្គលរួមមក ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរ អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ លើស្រ្តីដែលជាកម្លាំងនគរបាលជាតិ ដែលជាការយកចិត្តទុកដាក់ លើការលើកកម្ពស់ សមភាពយេនឌ័រ និងតំម្លៃស្រ្តីខ្មែរឲ្យមាន កិត្តិយសខ្ពង់ខ្ពស់ បង្កើនការលើក កម្ពស់សិទ្ធនារី ឲ្យស្មើមុខស្មើរមាត់ និងបុរស ដូច្នេះត្រូវយកចិត្តទុកដាក់លើស្រ្តី កន្លែងធ្វើការនីមួយៗ ស្រ្តីបានដើរតួនាទីស្មើរនឹងបុរស ក្នុង កិច្ចការ អភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ត្រូវបានស្រ្តីចូលរួម ហើយមិនត្រូវប្រៀបធៀបសមាសភាពស្រ្តីនិងបុរសនោះទេ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យតាមមន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យបាន ស្អិតរមួត ការសាមគ្គីនេះឯង ដែលធ្វើឲ្យយើងបានជ័យជំនះ សម្រាប់ប្រទេសជាតិយើង គ្មានជ័យជំនះណាដែលមិនបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនោះទេ កន្លងមកនេះដោយសារយើងបានរួមគ្នាធ្វើការងារជា ច្រើនរហូតទទួលបានស្នាដៃ តែបើសិនជាគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីទេ ក៏មិនបានជោគជ័យនោះដែរ ជាពិសេសនារីដែលធ្វើការនៅកន្លែងធ្វើការក្តី ឬធ្វើការនៅផ្ទះ ថែរទាំងកូនចៅក្តី ក៏មានតំលៃស្មើរនឹងធ្វើការ មន្រ្តីរាជការដែរ ឬធ្វើការខាងក្រៅដែរ ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកទឹក ចិត្ត ស្វាម៉ី បង ប្អូន។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍បន្តថាថ្ងៃ៨មិនា គឺជាថ្ងៃខួបលើកទី១០៨ នៃទិវាសិទ្ធិនារី តែសូមឲ្យសិទ្ធិនារីនេះ មានជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលាសម្រាប់ស្រ្តី ដែលមានសិទ្ធិស្មើរភាពគ្នាជាមួយ និងបុរស ស្រ្តីក្រៅពីភរិយាជាទីស្រឡាញ់ស្វាម៉ី និងឧត្តុង្គឧត្តមសម្រាប់គ្រួសារ គឺជាមេគ្រួសារ ទុកដាក់ទ្រព្យសម្បត្តិ គឺជាម្តាយជាទីគោរពនិង ស្រឡាញ់របស់កូន ស្រ្តីអាចបំពេញតួនាទីភារកិច្ច ក្នុងក្របខណ្ទមន្រ្តីរាជការ កងកម្លាំង រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស ដូច្នេះសូមឲ្យស្វាមីគ្រប់រូប ឪពុក បងប្រុស ប្អូនប្រុស មើលឲ្យឃើញពីតួនាទីរបស់ស្ត្រី ហើយលើកទឹកចិត្តនារី ត្រូវរួមគ្នាចៀសវាងដាច់ខាតនូវទំរង់គ្រប់រូបភាពនៃអំពើហិង្សាលើស្ត្រី។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ លើស្រ្តី និងបច្ចុប្បន្ន មន្ទីរកិច្ចការនារី កំពុងអនុវត្តលើកកម្ពស់ស្ថានភាព និងបង្កើនភាពអង់អាចដល់ស្ត្រី លើគោលនយោបាយសមភាពយេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ” ការលើកកម្ពស់ស្ថានភាព តួនាទី ឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
នៅក្នុងឳកាសចុងក្រោយនៃកម្មវិធី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភថវិកា ដល់នារី ដែលជាកងកម្លាំនៃស្នងការដ្ឋាននគរបាលខេត្តកំពអ់ធំ ក្នុងម្នាក់៥០០០០ម៉ឺនរៀល ឧបត្ថម្ភសម្រាប់កម្មវិធី បាយសាមគ្គី ១០០០ដុល្លា និងទឹកសុទ្ធកម្ពុជា ១០០កេស ផងដែរ។
ដោយ ប៊ុន រដ្ឋា






































