ខេត្តមណ្ឌលគិរី៖ មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ (លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២៥០នាក់ ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៩។
ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជា) បានបង្កើតគណកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលមានលោកជំទាវគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកិត្តិយស ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសីលធម៌សង្គម ដែលមានសន្តិភាពសណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមធម៌ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្លូរបស់មនុស្ស។
ឯកឧត្តម បញ្ជាក់ថា ប្រធានបទឆ្នាំនេះ បានបង្ហាញពីគោលបំណងបន្តរំលេចពីតម្លៃសន្តិភាព និងការលើកកមញបស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នរួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។ ឯកឧត្តម ក៏បានអំពាវនាវដល់ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមអស់គ្នា គាំទ្រប្រធានបទ៖ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានលើកឡើងនេះដើម្បីជួយលើកស្ទួយស្ត្រី បានប្រែក្លាយ ពីស្ថានភាពងាយរងគ្រោះ ឆ្ពោះទៅរកវឌ្ឍនៈភាពសិទ្ធិស្មើគ្នា បន្តរួមគ្នាកសាងសង្គមជាតិយើង បានសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព នឹងបានឈានទៅជា និតិរដ្ឋដ៏រុងរឿងប្រកបដោយចីរភាព។
នាឱកាសនោះដែរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩ ជូនដល់អង្គពិធីទាំងមូលផងដែរ៕




































