អភិបាលខេត្តស្នើសុំអន្តរាគមទៅរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មដើម្បីជួយសម្រួលបញ្ហាទឹកស្អាត

0

ខេត្តព្រះសីហនុ ៖សំណើរសុំអន្តរាគមន៍នេះធ្វើឡើង កាលពីព្រឹកថ្ងៃសុក្រទី៨ ខែមីនាឆ្នាំ២០១៩ គ្រាដែល លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីទទួលដំណឹងថាមន្ទីរពេទ្យរដ្ឋនេះជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់។

ក្រោយពេលទទួលបានការបញ្ជាក់ពីគណៈគ្រប់គ្រងមន្ទីរបង្អែកនេះ លោក បានជម្រុញអោយមន្ត្រីជំនាញរដ្ឋាករទឹកពិនិត្យដោះស្រាយបញ្ហានេះអោយបានលឿនបំផុត។លោក យន្ត មីន បានណែនាំដល់លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ គឺធើ្វយ៉ាងណា រកវិធីដោះស្រាយទឹកជូនមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ព្រោះអ្នកជំងឺ និងគ្រូពេទ្យត្រូវការទឹកចាំបាច់មិនអាចខ្វះបាន ហើយបញ្ហាទឹក ភ្លើងជារឿងសំខាន់ដែលយើងជាមន្ត្រីជានាញរួមគ្នាគិត រួមគ្នាធ្វើ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
ចំពោះមុខនេះ លោក អភិបាល បានណែនាំ ឱ្យឡានដឹកទឹករបស់រដ្ឋបាលខេត្ត ដឹកទឹកយកមកជួយផ្គត់ផ្គង់បណ្តោះអាសន្ន រង់ចាំការដោះស្រាយបញ្ហាទឹករបស់អង្គភាពរដ្ឋាករទឹកដល់មន្ទីរពេទ្យ ក៍ដូចប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ មានដំណើរការប្រក្រតីឡើងវិញ។ បើយោងតាម លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បច្ចុប្បន្ន រដ្ឋាករទឹកទទួលទឹកស្អាតពីក្រុុមហ៊ុន អានកូ យកមកចែកចាយបំរើជាឱ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ។
ហើយបញ្ហាទឹកស្អាតនេះកំពុងចោទជាបញ្ហាផងដែរដោយសារក្រុមហ៊ុនអានកូផ្គត់ផ្គង់មិនគ្រប់ចំនួន។
លោកបានបន្តថា តម្រូវការទឹកប្រើប្រាស់ជាក់ស្តែង នៅក្រុងព្រះសីហនុ ក្នុងមួយថ្ងៃ ចាប់ពី ៣៨.០០០ ទៅ ៤០.០០០ម៉ែត្រ គូបប៉ុន្តែខាងក្រុមហ៊ុន អានកូ បានផលិតទឹកបញ្ជូនមកឱ្យខាងរដ្ឋាករទឹកខេត្ត បានត្រឹមតែ ២៨.០០០ ទៅ ៣០.០០០ម៉ែត្រ គូបតែប៉ុណ្ណោះ ជាហេតុនាំអោយតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ ខ្វះខាតទឹកស្អាតប្រើប្រាស់។

លោកបន្តថា៖រដ្ឋាករទឹក ក៏ដូចជាអាជ្ញាធរខេត្ត បានប្រជុំដោះស្រាយជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនអានកូ ក៏ប៉ុន្តែខាងក្រុមហ៊ុន (អានកូ) នៅតែមិនបានផ្គត់ផ្គង់ទឹកមកខាងរដ្ឋាករទឹកខេត្ត តាមតម្រូវការនៅឡើយ។ជាគ្នានេះដែរក្រុមហ៊ុន អានកូ ខ្លួនឯងក៏រកស៊ីចែកចាយផ្គត់ផ្គង់ទឹកទៅឱ្យសណ្ឋាគារ ខុនដូរ និងអាគារពាណិជ្ជកម្មដោយផ្ទាល់តែម្តង។ទោះជាបែបនេះបញ្ហាទឹកស្អាតនេះត្រូវបានគេលើកឡើងស្រដៀងៗគ្នាថារឿងនេះមានតែក្រសួងទេ ទើបអាចដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនអានកូនៅខេត្តព្រះសីហនុបាន ។

បើតាមលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ មាន អោយដឹងថា៖ បច្ចុប្បន្នមន្ទីរពេទ្យមានអ្នក ជំងឺចូលមកសម្រាកព្យាបាលជាមធ្យម ក្នុងមួយថ្ងៃ ២០០នាក់ នេះមិនទាន់គិតបញ្ចូលអ្នកមកថែទាំអ្នកជំងឺនិងបុគ្គលិកពេទ្យផង។ហើយតម្រូវការប្រើប្រាស់ទឹកស្អាតប្រមាណ ៤០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតមិនចេញ មន្ទីរពេទ្យធ្វើការបួមទឹកចេញពីអណ្ដូង ស្នប់របស់មន្ទីរពេទ្យដើម្បីជាជំនួយ ក៏ប៉ុន្តែការបួមនេះ មិនអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងមន្ទីរពេទ្យបានទេ៕