ព្រះវិហារ: សង្វៀនជល់មាន់មួយកន្លែង ដែលបើកលេងលួចលាក់ក្នុងចំការស្វាយចន្ទី ស្ថិតក្នុងចំណុចប្រើសស្លាប់ក្នុងភូមិស្វាយប៉ាត ឃុំរដោះ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឆ្មក់ចុះបង្រ្កាបបានកាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
ប្រភពពីមន្ត្រីនគរបាលមួយរូប បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់លួចលាក់នេះ គឺក្រោមការណែនាំ បញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុរិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បញ្ជាឲ្យកម្លាំងតម្រួត និងការិយាលយ័បទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង។
ប្រភពដ៏ដែលបានបន្តថា ដោយសារស្ថានភាពស្មុគ្រស្មាញ នៅក្នុងព្រៃចំការស្វាយចន្ទី បានធ្វើឲ្យសមត្ថកិច្ចរបស់យើងពិបាកក្នុងការបង្រ្កាប ដោយធ្វើឲ្យក្រុមអ្នកលេងជាច្រើនរត់ចែកជើងគ្នា ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៤នាក់ រថយន្ត១គ្រឿង មានជល់៤ក្បាល ធុងទឹកចំនួន៤ ចានដែក១ និងរុះរើសង្វៀនជល់មានផងដែរ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៤នាក់ រួមនិងវត្ថុតាងជាច្រើនទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕សួនលីណា





































