កំពង់ធំ៖ ដើម្បីសម្រួលផ្លូវមួយខ្សែសម្រាប់ធ្វើដំណើរ ក្នុងមូលដ្ឋានរស់នៅ ប្រករបរជីវភាពប្រចាំថ្ងៃ អោយបានប្រសើរជាងមុនប្រជាពលរដ្ឋនៅភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្តាន់ បានរៃអង្គាសថវិកាជំហ៊ានដំបូង ប្រមាណជាង៤លានរៀលសម្រាប់ជួលគ្រឿងចក្រជួសជុលផ្លូវ ប្រវែង១១០០ម៉ែត្រ។
មេភូមិជាំផ្កា លោក ខាត់ គី បានអោយដឹងថា៖ ដោយសារផ្លូវមួយខ្សែនេះខូចខាតពិបាកធ្វើដំណើរទៅមកនិង ដឹកផលដំណាំផ្សេងៗ ព្រមទាំងកូនចៅពិបាកទៅរៀនសូត្រពិសេសពេលឈឺស្កាត់ពិបាកទៅមណ្ឌលសុខភាពឆ្ងាយ ទើបនាំគ្នារៃអង្គាសថវិកាជួលគ្រឿងចក្រ មកជួសជុលអោយបានស្រួលបួលជាងមុន។
លោកមេភូមិបានបញ្ជាក់ថា៖ ផ្លូវនេះមានប្រជាពលរដ្ឋមកពីបណ្តា ស្រុក ភូមិផ្សេងធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅភូមិជិតខាងច្រើនទៀត តែកន្លងមកវាបានខូចខាត ក្នុងរដូវវស្សារហូតដល់ ថ្ងែព្រហស្បតិ៍២កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងែីទី៦ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានជួលគ្រឿងចក្រ មកសម្រួលផ្លូវបានប្រហែល ៥០%ប៉ុណ្ណោះ។
លោកមេភូមិបន្តថា៖ លោកនឹងបន្តខិតខំប្រមូលថវិកាពីប្រជាពលរដ្ឋថែមទៀត ហើយនិងសូមអំពានាវដល់អង្គការនានានិងសប្បុរសជនជិតឆ្ងាយ មេត្តាជួយចូលរួមចំណែកជួសជុល ផ្លូវនេះផង ត្បិតអីអ្នកភូមិជាំផ្កាខ្វះខាត ម្យ៉ាងភូមិនេះទើបតែដាក់ចូលក្នុងផែនទីក្រសួងមហាផ្ទៃប្រមាណ៣ឆ្នាំនេះដែរ។
ប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យ ឈ្មោះ ហង្ស នូវ បានលើកឡើងថា៖ ផ្លូវ១ខ្សែនេះពិតជាមានសារសំខាន់សម្រាប់បំរើជីវភាពរស់នៅទៅធ្វើចំការដាំដំណាំផ្សេងៗ តែលោកអភិបាលស្រុកសណ្តាន់ បានប្រាប់ថាម្រោងកសាងផ្លូវរបស់រាជរដ្ឋាភិបាលមិនទាន់មកដល់ កំពុងជាប់អភិវឌ្ឍន៍កន្លែងអទិភាពផ្សេងជាបន្តបន្ទាប់នៅឡើយ។ជាមួយគ្នានេះលោកអភិបាលស្រុក នឹងខិតខំប្រឹងប្រែងជួយដល់ការលំបាករបស់បងប្អូននៅទីនេះ នៅពេលក្រោយៗទៀតហើយក៏សូមអរគុណ ចំពោះការចូលរួមពីបងប្អូនពេលនេះបានប្រមូលថវិកា យកមកជួសជុលផ្លូវប្រើប្រាស់សម្រួលការធ្វើដំណើរក្នុងមូលដ្ឋាន ជាបណ្តើរដោយបានស្រុះស្រួលគ្នាគ្មានការប្តឹងជំទាស់អ្វីផងដែរ។
ប្រជាពលរដ្ឋ ដែលបានចូលរួមរបរិចាកថវិការធ្វើផ្លូវបានសំដែងការសប្បាយចិត្តនិងប្រាប់ថា ផ្លូវខាងលើនេះ ជួសជុលប្រើប្រាស់បណ្តោះអាសន្នប្រវែង១១០០ម៉ែត្រ ទទឹង១៣ម៉ែត្រដោយ ជីកកាយដីសងខាងផ្លូវ យកដីធ្វើផ្លូវនិងកាយប្រឡាយរំដោះទឹករដូវវស្សា គ្រោងចំណាយថវិកា៨លានរៀលសម្រាប់ជួលគ្រឿងចក្រ។ 








































