ប្រទេសថៃ ៖ទាហានឈុតខ្មៅថៃមួយរូប ដែលមានអង្គភាព ស្ថិតក្នុងកងរយលេខ១១២បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដាច់ជើងម្ខាង ព្រមទាំងបានបញ្ជូនតាមឧទ្ធម្ភចក្រទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាន់ទៅលើគ្រាប់មីនខណៈពេលកំពុងល្បាតតាមខ្សែបន្ទាប់ព្រំដែន ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺហេតុការណ៍នៃការផ្ទុះគ្រាប់មីននេះបានកើតឡើងកាលពីថ្ងៃទី ៨ ខែ មីនា.ឆ្នាំ ២០១៩ វេលាម៉ោង ១០.៤០នាទី ព្រឹកត្រង់ចំណុច បរិវេណ ហ៊ួយច័ន្ទដែងស្ថិតនៅភាគខាងកើតនៃច្រកអន្តរជាតិ អានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានីប្រទេសថៃ ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហតុគឺ ទាហានឈុតខ្មៅក្នុងកងរយលេខ១១២ជាច្រើនរូបបានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ថៃ កម្ពុជា ដើម្បីរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ។ នៅពេលនោះដែរ មន្ត្រីយោធាម្នាក់ឈ្មោះ ផាត់ផុង ហាលាភ បានជាន់ទៅលើគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះឡើង និងលាន់ឮកងរំពងពេញព្រៃ ។
ភ្លាមៗនោះដែរគេសង្គេតឃើញថា កជើងខាងស្តាំម្ខាងរបស់ជនរងគ្រោះត្រូវបានដាច់និងសើយស្បែកគួរអោយរន្ធត់ក្រៃលែង ទើបកម្លាំងយោធាទាំងនោះបានសែងជនរងគ្រោះចេញពីព្រៃព្រមទាំងបានទាក់ទងអោយឧទ្ធម្ភចក្រ ចេញមកទទួលយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយរហូតមកទល់នឹងពេលនេះគេមិនដឹងថា ជីវិតជនរងគ្រោះយ៉ាងណានោះទេ ដោយម្នាក់ៗបានសន្និដ្ឋានថាគឺជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ប៉ុនតែគេមិនដឹងថា ជាប្រភេទ គ្រាប់មីនអ្វីនោះទេ ៕




































