សួន លីណា: ព្រះវិហារ អំពើហឹង្សាក្នុងគ្រួសារមួយបានកើតឡើង ធ្វើឲ្យប្តីចិត្តកំណាចយកកាំបិតតាំងតោ កាប់ទៅលើប្រពន្ធត្រូវជាច្រើនកាំបិតរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសានិងបងប្អូនជិតខាងដឹកនាំយកទៅសង្គ្រោះភ្លាមៗនៅមណ្ឌល់សុខភាព ចំណែកប្តីជាជនដៃដល់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំយាងវាយខ្នោះភ្លាមៗផងដែរ។
អំពើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៩.២០នាទី ព្រឹកថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍កំណត់ហេតុរបស់លោក អនុសេនីយ៍ទោ ស៊ុន ពិសិដ្ឋ ប្រធានផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងការពារអនីតិជន បញ្ជាក់តាមប្រព័ន្ធWhatsApp ថាជនដៃដល់ជាប្តីបានយកកាំបិតតាំតោ កាប់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធត្រូវចំជាច្រើនក្នុងនោះក្បាល់ខាងឆ្វេងចំនួន២កាំបិត កញ្ចឹងកខាងក្រោយចំនួន២កាំបិត ថ្ងាសខាងឆ្វេងចំនួន១កាំបិត និងចុងចិញ្ចឹមចំនួន១កាំបិត បណ្តាលឲ្យរងរបួសជាទំនង់។
កំណត់ហេតុបានបញ្ជាក់ឲ្យដឹងដែរថា ជនដៃដល់មានឈ្មោះ សឿង ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សំ លីម ភេទស្រី អាយុ៤៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
ពាក់ព័ន្ធនិងរឿងអំពើហឹង្សា ដែលបានកើតឡើងខាងលើនេះ លោក ហឹុម ហឿន មេឃុំយាង បានបញ្ជាក់ឲ្យក្រុមការងារយើងដឹងថា នៅមុនពេលឈៀនទៅដល់ការប្រើនូវអំពើហឹង្សា ជនដៃដល់ជាប្តីតែងតែដើរផឹកស្រាស្រវឹង ហើយមកដល់ផ្ទះរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរៀងរាល់ថ្ងៃផងដែរ៕សួនលីណា




































