ព្រះវិហារ: ប្រជាពលរដ្ឋ១គ្រួសារ បានស្រែកទ្រហោយំ ជាមួយនិងការសូមអំពាវនាវ ដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជួយរកយុត្តិធម៌ជូនដល់គ្រួសារគាត់ផង ដោយចោទថាកំលាំង១ក្រុម របស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្នាក់ការតាកឹង ជាចោរប្លន់ម៉ូតូ និងប្រាក់ជាង៨លានរៀល ក្នុងគ្រាដែលកូនប្រុសគាត់ជិះទៅរកទិញគោ។
គួរំលឹកថា កាលពីវេលាម៉ោង១០.៤០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ កំលាំងរបស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្នាក់ការតាកឹង ចំនួន៦នាក់ ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមជាមួយនិងកំលាំងប្រជាការពារ ចុះល្បាតបង្ក្រាបបទល្មើសនានាក្នុងភូមិសាស្ត្រដែន។ នេះបើយោងតាមរបាយការណ៍ កំណត់ហេតុ ដែលក្រុមការងារយើងទទួលបានពីមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
បញ្ជាក់ឲ្យភ្នាក់ងារយើងដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ថា ពាក់ព័ន្ធជាមួយនិងការចោទរបស់ពលរដ្ឋទៅលើកំលាំងមន្ត្រីបរិស្ថាន និងអាជ្ញាធរ ថាជាចោរទៅប្លន់ម៉ូតូ និងប្រាក់ជាង៨លានរៀល ដាក់ទុកនៅក្នុងកែបម៉ូតូនោះ វាមិនពិតទេ។
លោកបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកវុន ធឿន ប្រធានការិយាល័យដែន បានដឹកនាំកំលាំង៦នាក់ សហការជាមួយមេភូមិ និងកំលាំងប្រជាការពារ ចុះល្បាតបង្ក្រាបបទល្មើស បានប្រទះឃើញត្រាទ័រ១គ្រឿងកំពុងធ្វើសកម្មភាពភ្ជួរដីព្រៃខុសច្បាប់ ត្រង់ចំនុចដីយាមការលេខ 0452319.1568008 ខាងកើត ឈៀងខាងជើងតំបន់កំប្រាក់ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកបន្តថា នៅក្រោយពេលកំលាំងទៅដល់ម្ចាស់ត្រាក់ទ័រដែលកំពុងភ្ជួរដីនោះ បានបើករត់ចេញពីកន្លែងកើតហេតុ ហើយបន្សល់ទុកម៉ូតូចំនួន១គ្រឿង ម៉ាកស្មាស់.REVO.ពាក់ស្លាកលេខសៀមរាប.1E.9095។ លោកមេឃុំបន្តថា នៅក្រោយពេលត្រួតពិនិត្យ និងឆែកឆេររួចកម្លាំងបាននាំយកមករក្សាទុក ដើម្បីចងក្រងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រភពច្បាស់ការពីមន្ត្រីបរិស្ថានម្នាក់ បានបញ្ជាក់ថា ក្រុមពលរដ្ឋដែលស្រែកចោទប្រកាន់ មកលើមន្ត្រីបរិស្ថាន និងអាជ្ញាធរ ថាជាចោរប្លន់នោះ គឺជាក្រុមពលរដ្ឋដែលចំណាកស្រុក មកពីខេត្តដទៃ ហើយក្រុមនេះតែងតែដើរធ្វើសកម្មភាពរុករានដីព្រៃខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ប្រភពដ៏ដែលបញ្ជាក់ថា ដីដែលពលរដ្ឋកំពុងធ្វើសកម្មភាពឈូសឆាយនោះ គឺជាដីទំនាស់ ដែលកំពុងស្ថិតក្នុងការការពារដោយកំលាំងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ លោកថាកន្លងមកកម្លាំងបានធ្វើការបង្ក្រាបចាប់មេខ្លោងនិងបក្សពួកយកទៅដាក់ពន្ធនាគារជាបន្តបន្ទាប់សរុបចំនួន១៤នាក់ផងដែរ៕សួនលីណា