រដ្ឋបាលខេត្តកំពង់ចាម​ បេីក​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៩

0

កំពង់ចាម​: រដ្ឋបាលខេត្តកំពង់ចាម​ បានបើក​អង្គ​សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៩ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត និង​គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់យជុំវិញខេត្ត ព្រមទាំង លោក លោកស្រី ជាប្រធានក្រុមប្រឹក្សា ក្រុង ស្រុក អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ផងដែរ។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បាន​លេីក​ឡើង​ថា ការរៀបចំឲ្យមានអង្គសន្និបាត​នេះ​ឡើង​ គឺក្នុងគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងនូវលទ្ធផល ការងារ ដែលបានអនុវត្ត នៅក្នុងឆ្នាំ២០១៨ កន្លងមក និងលើក ទិសដៅការងារបន្តរួមគ្នាអនុវត្តនៅ ក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្ដមអភិបាលខេត្ត បាន​បន្ត​ថា  ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា សន្និបាតបូកសរុបលទ្ធផល ការងារ របស់រដ្ឋបាលខេត្ត ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណង ដើម្បីធ្វើការឆ្លុះបញ្ចាំង អំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ២០១៨ កន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយអំពី សមិទ្ធផលនានា ដែលអនុវត្តបាន និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ និងការផ្លាស់ប្តូរបទពិសោធន៍ ការងារពីគ្នា ទៅវិញទៅមក លើគ្រប់វិស័យនៅក្នុងខេត្ត និងដើម្បី រួមសហការគ្នា ក្នុងការស្វែងរក នូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបាននូវអនុសាសន៍ល្អៗ ដើម្បី ឈានទៅសម្រេចបាននូវជោគជ័យធំៗ ថ្មីៗ ថែមទៀត ក្នុងទិសដៅអនុវត្ត ភារកិច្ចនាឆ្នាំថ្មីជាបន្តទៀត។
ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​សំដែងនូវការ កោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ជំនាញ ដែលកន្លងមក បានចូលរួម យ៉ាងសកម្មក្នុងការសហការអនុវត្តការងារ បានយ៉ាងល្អប្រសើរ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណង ដើម្បី រួមចំណែក ក្នុងការស្តារ កសាង និងការ​អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា​ការ​ អភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនឈានឡើងជាលំដាប់ ការបន្តចូលរួមសហការ ឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការរួម សហការ​ ពង្រឹងការអនុវត្តសកម្មភាព ការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ឲ្យបានកាន់តែល្អ ប្រសើរ ឡើងថែមទៀត ។

បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត​ រួច​មក​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​ធ្វេី​ការបែងចែកក្រុមពិភាក្សា​ សម្រាប់​ពេល​រសៀល​ ត្រូវលើកឡើងអំពី ការងារសន្តិសុខសណ្ដាប់ធ្នាប់ អំពើឆក់ប្លន់ប្រដាប់អាវុធ ប្រសិទ្ធភព នៃយន្តការ និងការចាត់តាំងអនុវត្ត ការងារត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ក្រោមជាតិ ពិសេស ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តការងារ របស់អនុគណៈសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយ និងត្រៀមបង្កើតការិយាល័យច្រកចេញចូលតែមួយ ការត្រៀមចំពោះវិស័យទឹកស្អាត និងអគ្គិសនី បញ្ហាផ្លូវថ្នល់ ការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងការអនុវត្តគម្រោងសាងសង់នានា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ការគ្រប់គ្រង និងគាំទ្រការផ្ដល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ពិសេស ការផ្ដល់ការគាំពារមាតា និងទារក ការងារប្រយុទប្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការងារសមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ផងដែរ ៕